យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រកាសត្រៀមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីហ្វូណនតេជោ

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ  និងប្រកាសត្រៀមអបអរសាទរយ៉ាងក្លៀវក្លាក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវរៀបចំពិធីបើកការដ្ឋានស្ថាបនា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩ និង០៩នាទីខាងមុខនេះ ។ ដែលពិធីផ្សព្វផ្សាយ និងប្រកាសនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅគ្រប់បណ្ដាកងឯកភាពចំណុះ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ នៅតាមបណ្ដាអង្គភាពនីមួយៗ​ឲ្យមានភាពអធិកអធម និងមហោឡារិក ដោយត្រូវរៀបចំពិធីវាយជួង ទូងស្គរ គោះរគាំង  ឲ្យបានព្រមៗគ្នា ក្នុងពេលវេលាតែមួយ ដើម្បីអបអរសាទរក្នុងពិធីជាប្រវត្តិសាស្ត្រនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា យើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះ ដោយសារនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ។  បច្ចុប្បន្ននេះ​ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនរុងរឿងថ្មីៗបន្ថែមទៀត  ពិសេសគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ  ហើយ​នៅ​ក្រោយពេលស្ថាបនារួច ធ្វើឱ្យការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ មិនបាច់ឆ្លងកាត់ប្រទេសជិតខាង ហើយព្រែកជីកនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិអោយមានការរីកចម្រើនរុងរឿងបន្ថែមទៀត និងបម្រើឲ្យផលប្រយោជន៍របស់ប្រជាជនកម្ពុជាយេីងទាំងមូល ។​

នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់ ព្រមទាំងក្រុមគ្រួសារ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវពិធីបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ នៅពេលខាងមុខដ៏ខ្លីនេះ ឲ្យទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា។ អត្ថបទវេហាស៍