(កំពង់ធំ)÷ ដោយមានការគាំទ្រថវិកាពីSDC/Ireland នៃគម្រោង “ការប្រើប្រាស់ដី និងការការពារធនធានធម្មជាតិជនជាតិដើមភាគតិច”អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD )បានបើកវគ្គបណ្តុះបណ្តាល កែច្នៃសិប្បកម្មល្ពាក់ ផលអនុផលព្រៃឈើ ការផលិតម្សៅរំដេង និងការបង្កើតផែនការគម្រូអាជីវកម្មដល់តំណាងកសិករក្នុងតំបន់គោលដៅ ជាជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ ក្រុមស្រ្ដីកែច្នៃ សហគមន៍នេសាទនិងសហគមន៍កសិកម្ម ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនីមួយៗឱ្យមានភាពប្រសើរឡើងតាមរយៈការបង្កបង្កើនផលការលើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីតាមការកែច្នៃរំចេក និងល្ពាក់ ស្ថិតនៅក្នុងភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
លោកគ្រូ នាង ថៃ មន្ត្រីបច្ចេកទេសទីផ្សារបានបង្ហាញពីគោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ ផ្ដល់ការយល់ដឹងស្ដីពីCANVASដល់អ្នកចូលរួម។ អ្នកចូលរួមនិងបង្កើតផែនការអាជីវកម្មផ្ទាល់ខ្លួន ចែករំលែកបទពិសោធន៍គម្រូអាជីវកម្មក្នុងស្រុកនិងអន្តរជាតិ។ ជំរុញការផលិត និងការផ្ដល់បន្លែធម្មជាតិនៅលើទីផ្សារក្នុងស្រុក និងផ្សេងៗក្នុងខេត្តកំពង់ធំ។ ជំរុញការលក់និងទិញរួមគ្នាដើម្បីរក្សាតម្លៃសមរម្យ រួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនីមួយៗឱ្យមានភាពប្រសើរឡើងតាមរយៈការបង្កបង្កើនផលការលើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីតាមការកែច្នៃផ្ដៅ និងល្ពាក់។
ជាមួយគ្នានេះផងដែរលោកគ្រូ នាង ថៃ ក៏បានបញ្ជាក់ពីច្រវ៉ាត់តម្លៃលើគម្រូអាជីវកម្ម គឺជាវិធីសាស្ត្រមួយដែលអាចពិនិត្យ មើលពីប្រព័ន្ធដំណើរការតាមទស្សនវិស័យជាសាកល។ ការពង្រីកមើលទៅលើផ្នែកតភ្ជាប់ណាមួយនៃខ្សែច្រវ៉ាក់ បង្ហាញ ពីគម្រូអាជីវកម្មផ្សេងៗគ្នារបស់អ្នកចូលរួម។ គម្រូផែនការអាជីវកម្ម អនុញ្ញាតិឱ្យយើងអាចពិនិត្យបានកាន់តែកៀកទៅលើ កំណត់ជាក់លាក់ណាមួយនៅក្នុងខ្សែច្រវ៉ាក់ តាមរយៈការ សង្កេតពីគ្រប់ជ្រុងទាំងអស់។
គួរបញ្ជាក់ផងដែរថា សម្រាប់វគ្គបណ្ដុះបណ្ដាលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយថ្ងៃទី១មានអ្នកចូលរួមចំនួន១៥នាក់ បុគ្គលិកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD )មានចំនួន០៥នាក់ ស្រី០៤នាក់ និងគ្រូឧទ្ទេសចំនួន០១នាក់ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី