កាណូតចំនួន៤គ្រឿង អំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបានប្រគល់ជូនប្រជាជនស្រុកសណ្ដាន់

0

ខេត្តកំពង់ធំ)៖ កាណូតចំនួន៤គ្រឿង  អាវពោងសុវត្ថិភាព ចំនួន៤០ និងប្រេងឥន្ធនៈមួយចំនួន សម្រាប់បម្រើការក្នុងការដឹកជញ្ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនក្នុងរដូវវស្សា  ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ   និងឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេង៧០ នាំយកទៅប្រគល់ជូន ប្រជាជននៅឃុំដងកាំបិត និងឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដើម្បីសម្រួលដល់ការដឹកជញ្ជូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងការឆ្លងកាត់ដងស្ទឹងសែនក្នុងរដូវវស្សា នៅក្នុងឃុំដងកាំបិត   និងឃុំមានជ័យ ឆ្លងកាត់ទៅកាន់ឃុំខ្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបម្រើឲ្យនិរន្តរភាពការងារ របស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសកម្មភាពជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ លោកបានប្រគល់កាណូតចំនួន៤គ្រឿង ក្នុង​នោះ​ ចំនួន​ ២​ គ្រឿង​ ប្រគល់​ជូន​ប្រជាជន​នៅ​ឃុំ​ដងកាំបិត​ និង​ ចំនួន​ ២​ គ្រឿង​ទៀត​ប្រគល់​ជូន​ប្រជាជន​នៅ​ឃុំ​មាន​ជ័យ​ និង​ឃុំ​ខ្លែង​ ព្រមទាំង​ អាវពោងសុវត្ថិភាពចំនួន៤០ ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បម្រើឲ្យការដឹកជញ្ជូន  សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទូទៅ ដោយឥតគិតថ្លៃ និងមិនគិតនិន្នាការនយោបាយណាឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើដល់ ក្រុមបច្ចេកទេសបើកបរកាណូតទាំងពីរគោលដៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ  ឆ្លងកាត់ដងស្ទឹងសែន ឱ្យមានសុវត្ថិភាព នឹងត្រូវគ្រប់គ្រងថែរក្សាលក្ខណៈបច្ចេកទេសម៉ាស៊ីនកាណូត ក្នុងការដឹកជញ្ជូនឲ្យបានល្អ ដើម្បីបម្រើសកម្មភាពក្នុងការដឹកជញ្ជូន បានយូរអង្វែង។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី​ និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានយកចិត្តទុកដាក់ខ្ពស់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន និងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តមអស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទវេហាស៍