ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ,ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ បានអញ្ជើញដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម យុវជនសសយក អង្គការជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ និងក៏មានការនិមន្តចូលរួមពីព្រះសង្ឃច្រើនអង្គ ប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ដោយធ្វើការចែកជូនកូនឈើ និងដាំកូនឈើចម្រុះ ១ម៉ឺន ១ពាន់ដើម ក្រោមការរៀបចំ និងសហការ រវាងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត អាជ្ញាធរក្រុងស្ទឹងត្រែង និងរដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងបរិវេណ (អនុវិទ្យាល័យព្រះបាទ) ស្ថិតក្នុងភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
យោងរបាយការណ៍ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានបង្ហាញថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងខណ្ឌរដ្ឋបាលព្រៃឈើ បានបណ្តុះកូនឈើចម្រុះ ១ម៉ឺន ១ពាន់ដើម ក្នុងនោះរួមមាន៖ កូនឈើក្រញូង ៤ពាន់ដើម ,កូនឈើក្ងោក ៣ពាន់ ៥០០ដើម ,ឈើបេង ២ពាន់ ៥០០ដើម ,ឈើធ្នុង ៣០០ដើម ,ឈើនាងនួន ៣៥០ដើម ,កូនឈើព្រីង ៣០០ដើម និងកូនឈើលឿងរាជ ៥០ដើម សម្រាប់ដាំ និងធ្វើការចែកជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗទៀត ដាំតាមទីសាធារណៈ វត្តអារាម សាលារៀន រួមទាំងសួនច្បារ ផងដែរ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានលើកឡើងថា ពិធីបុណ្យរុក្ខទិវាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីធ្វើការស្ដារ និងដាំដុះព្រៃឈើឡើងវិញ។ ជាក់ស្ដែងចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២៣ ខេត្តស្ទឹងត្រែង បានប្រារព្ធបុណ្យរុក្ខទិវា និងធ្វើការបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗ យកទៅធ្វើការដាំដុះជារៀងរាល់ឆ្នាំ។
លោក ទុំ នីរ៉ូ បានបន្តថា នៅឆ្នាំ២០២៤ នេះ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បុណ្យរុក្ខទិវា ៩ កក្កដា គឺបានរៀបចំដាំដើមឈើប្លែកជាងបណ្តាឆ្នាំមុនៗ ដោយឆ្នាំនេះភាគច្រើន យើងដាំដើមក្ងោកនៅតាមដងផ្លូវ ព្រោះជារុក្ខជាតិមានផ្កាព៌ណក្រហម ស្រស់ឆើតឆាយ ដើម្បីលំអរក្រុងស្ទឹងត្រែងរបស់យើង។
លោក ទុំ នីរ៉ូ បានបញ្ជាក់ថា រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្ទឹងត្រែង ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានមហិច្ឆតាចង់ប្រែក្លាយខេត្តស្ទឹងត្រែង ទាំងមូល ពិសេសក្រុងស្ទឹងត្រែង ឱ្យក្លាយជាតំបន់ផ្ការីកស្រស់ឆើតឆាយ ឬជា (City Flower) នាថ្ងៃអនាគត ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាខេត្តស្ទឹងត្រែង ឲ្យបានច្រើនទ្វេឡើង។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរក្រុងស្ទឹងត្រែង និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ នេះឡើង ក្នុងគោលបំណងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ អភិរក្សវិស័យព្រៃឈើនៅកម្ពុជា ដែលជាសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា។
លោកអភិបាលខេត្តស្ទឹងត្រែង បានជំរុញដល់ស្ថាប័នរដ្ឋ មន្ទីរជំនាញជុំវិញខេត្ត អង្គភាពកម្លាំងប្រដាប់អាវុធ វត្តអារាម និងប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្ទឹងត្រែង សូមចាប់ដៃទាំងអស់គ្នា ផ្តើមចេញពីយើងទាំងអស់គ្នា ចូលរួមដាំដើមឈើឲ្យបានច្រើន ដើម្បីបង្កាស្ថានភាពគ្រោះធម្មជាតិផ្សេងៗ ការបំរែបំរួលអាកាសធាតុ កាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗ ផ្តល់នូវភាពបៃតង និងបរិយាកាសស្រស់បំព្រង ផងដែរ។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានជំរុញបន្ថែម ឲ្យអាជ្ញាធរពាក់ព័ន្ធបន្តអនុវត្តគោលការណ៍ គូស្វាមីភារិយាថ្មី ១គូដាំដើមឈើ១ដើម និងប្រជាពលរដ្ឋមួយរូប ដាំដើមឈើ១ដើម មិនតែប៉ុណ្ណោះ យើងក៏ត្រូវនាំគ្នាចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើគ្រប់ទម្រង់ និងគ្រប់រូបភាពឱ្យខាងតែបានដាច់ខាត៕ ដោយ៖ឡុង សំបូរ