(កំពង់ធំ)÷ លោកស្រី គៀត តាំងហ៊ាន់ មន្ត្រីជំនាញបច្ចេកទេសកសិកម្មរបស់អង្គការAFD បានបង្ហាញពីគោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ ផ្ដល់ការយល់ដឹងស្ដីពីគម្រូផែនការអាជីវកម្ម CANVAS ដល់អ្នកចូលរួម។ អ្នកចូលរួមនិងបង្កើតផែនការអាជីវកម្មផ្ទាល់ខ្លួន ដើម្បីចែករំលែកបទពិសោធន៍គម្រូអាជីវកម្មនេះទៅក្នុងស្រុកនិងអន្តរជាតិ។ បង្កើតការផលិត និងការផ្ដល់បន្លែធម្មជាតិនៅលើទីផ្សារក្នុងស្រុក និងផ្សេងៗក្នុងខេត្តកំពង់ធំ។ ជំរុញការលក់និងទិញរួមគ្នាដើម្បីរក្សាតម្លៃសមរម្យ រួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនីមួយៗឱ្យមានភាពប្រសើរឡើងតាមរយៈការបង្កបង្កើនផល ការលើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីតាមការកែច្នៃផ្ដៅ និងល្ពាក់។ រំដេងជា គ្រឿងទេសមួយប្រភេទ ដុះក្នុងដី មានជាតិហាង ឬឆួលខ្លាំង មានពណ៌លឿង ស្រាល នឹងត្រូវបានគេប្រើប្រាស់ក្នុងការចំអិនអាហារជាច្រើនក្នុងបណ្តាប្រទេសអាស៊ី។
អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ហៅកាត់ថា (AFD) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី កាកែច្នៃម្សៅរំដេង និងផលអនុផលព្រៃឈើ ល្ពាក់ ដល់ស្រ្តីជនជាតិដើមភាគតិច(កួយ) នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ដោយមានការគាំទ្រថវិកាពីSDC/Ireland នៃគម្រោង(ការប្រើប្រាស់ដី និងការការពារធនធានធម្មជាតិជនជាតិដើមភាគតិច)អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ហៅកាត់ថា (AFD )បានបើកវគ្គបណ្តុះបណ្តាល កែច្នៃសិប្បកម្មល្ពាក់ ផលអនុផលព្រៃឈើ ការផលិតម្សៅរំដេង និងការបង្កើតផែនការគម្រូអាជីវកម្មដល់តំណាងកសិករក្នុងតំបន់គោលដៅ ជាជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ ក្រុមស្រ្ដីកែច្នៃ សហគមន៍នេសាទនិងសហគមន៍កសិកម្ម ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនីមួយៗឱ្យមានភាពប្រសើរឡើងតាមរយៈការបង្ករបង្កើនផល ការលើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីតាមការកែច្នៃរំចេក រំដេង និងល្ពាក់ ស្ថិតនៅក្នុងភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
លោកស្រី គឹម ធីតា គ្រូបង្រៀនកែច្នៃម្សៅរំដេង បានបញ្ជាក់ថា រំដេងជាតិគ្រឿងទេសមួយប្រភេទដុះក្នុងដី មានជាតិហាងឬឆួលខ្លាំងមានពណ៌លឿងស្រាល និងត្រូវបានគេប្រើប្រាស់ក្នុងការចំអិនជាច្រើនក្នុងបណ្ដាប្រទេសអាស៊ី។ រំដេងស្ថិតក្នុងអំបូរដូចមើមខ្ញី ប៉ុន្តែវាមានក្លិន នឹងវាយភាពផ្សេងដាច់ដោយឡែករបស់វា។ រំដេងដែលប្រើប្រាស់សព្វថ្ងៃមានឈ្មោះជាភាសាអង់គ្លេសថា ក្រេតធើ ហ្គាឡាំងហ្គាល់ greater galangal (Alpinia galanga): ដែលមានប្រភពដើមមកពីឥណ្ឌូនេស៊ី នឹងត្រូវ បានគេប្រើប្រាស់ច្រើនក្នុងប្រភេទម្ហូប សម្លរបស់ខ្មែរ ថៃ។ ក្រៅពីប្រើក្នុងការកាត់ក្លិនឆ្អាប និងបង្កើនរសជាតិម្ហូប រំដេងត្រូវបានគេប្រើជាឱសថផងដែរ។ រំដេងធ្វើជាម្សៅ យកមកឆុងទឹកផឹក ដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយ នឹងយករំដេងស្រស់មកបុកត្រាំជាមួយស្រាស ដើម្បីព្យាបាលជំងឺសើរស្បែក(ភ្លឺ)។ រំដេងងាយស្រួលដាំដុះណាស់ មិនត្រូវការថែទាំច្រើនទេ។ រំដេងអាចប្រមូលផលបានក្រោយពីដាំបាន ៩ទៅ១២ខែ ដោយធ្វើការគាស់ពីដី នឹងលាងទឹកអោយស្អាត ទុកឱ្យស្ងួត អាចច្រកថង់យកទៅទីផ្សារបាន។
អ្នកស្រី អ៊ន់ យី ជាគ្រូបង្រៀនអញ្ជើញមកពីខេត្តសៀមរាប ឈ្មោះសិប្បកម្មផ្តៅអង្គរ ដែលបានបង្រៀនពីការផលិតកន្រ្កក ដាក់ផ្លែឈើនិងដាក់បន្លែ រយៈពេលមួយថ្ងៃដែលចាប់ផ្ដើមពីមូលដ្ឋានគ្រឹះ(ចាប់ពីការលស់ សម្អាតថ្នាំងវត្ថុធាតុដើម ការចាប់បានដំឡើងតួ ការដាក់ដៃ ការចាប់មាត់រហូតបានផលិតផលសម្រេច។ ការផលិតសម្ភារៈប្រើប្រាស់ចេញពីផលអនុផលព្រៃឈើល្ពាក់នេះ គឺមានសារៈប្រយោជន៍ដល់ស្ត្រីនៅតាមសហគមន៍ ដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារមួយកំរិត ព្រមទាំងរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស់ស្ទិកនៅតាមភូមិ ឃុំនិងសហគមន៍ផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់វគ្គបណ្ដុះបណ្ដាលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយថ្ងៃទី៣មានអ្នកចូលរួមចំនួន២០នាក់ បុគ្គលិកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD )មានចំនួន០៥នាក់ ស្រី០៤នាក់ និងគ្រូឧទ្ទេសចំនួន០១នាក់ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី