កំពង់ចាម: ស្ថានភាពទឹកទន្លេមគង្គ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានហក់ឡើងកម្ពស់ជិតកន្លះម៉ែត្រ ត្រឹមរយៈពេល ២៤ម៉ោង ធ្វើឲ្យទឹកកើនឡើងកម្ពស់ ១១.៤០ម៉ែត្រ ពោលគឺទឹកខ្ពស់ជាងឆ្នាំមុនដែលមានកម្ពស់ត្រឹមតែ ៧.២៨ម៉ែត្រ តែប៉ុណ្ណោះ ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គ ត្រឹមរយៈពេល ២៤ម៉ោង បានហក់ឡើងកម្ពស់ ០.៤៦ម៉ែត្រ ធ្វើឲ្យទឹកកើនឡើង កម្ពស់ ១១.៤០ម៉ែត្រ ខណៈកម្ពស់ទឹកដែលត្រូវប្រកាសការប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ ដែលធ្វេីឲ្យទឹកហូរចូលកន្លែងទំនាប និងព្រែកចំនួន ១៦ លើ ៤១ព្រែក ក្នុងខេត្តកំពង់ចាម ក្នុងនោះទឹកបានលូនចូល ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ចំនួន៥ ស្រុកកំពង់សៀម២ ស្រីសន្ធរ២ កោះសូទិន១ និងក្នុងស្រុកកងមាសចំនួន ៦ព្រែក ។
បេីយោងតាមព្រឹត្តិបត្រព្យាករណ៍ ធាតុអាកាសខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ ស្ថានភាពបែបនេះធ្វើឱ្យ៖
សីតុណ្ហភាពពី ២៥°C ទៅ ៣១°C មានខ្យល់បក់មកពីទិសនិរតីមានល្បឿនពី ១ទៅ៤ម៉ែត្រ/វិនាទី
មានភ្លៀងផ្គររន្ទះតិច ក្នុងបរិមាណជាមធ្យមពី ១០% ទៅ ២០% និងមានខ្យល់ខ្លាំង បក់ក្នុងល្បឿនពី ៩ ទៅ ១២ ម៉ែត្រ/វិនាទី ។
ទន្ទឹមនេះដែររដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អជ្ញាធរពាក់ព័ន្ធចូលរួមសហការក្នុងការត្រៀមបង្ការ និងឆ្លើយតបនៅពេល មានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាពិសេសត្រូវត្រៀមទីទួលសុវត្ថិភាពសម្រាប់សត្វពាហនៈផងដែរ ៕