(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំសហការី នាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនកងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ នៅទីបញ្ជាការស្រាលអូរឃ្មង ត្រពាំងប្រើស ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការពារ គ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចភ្លៀងរលឹម ដោយមិនគិតពីការនឿយហត់ ដេីម្បីការពារ ទប់ស្កាត់មិនឲ្យមានការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធ ពីសំណាក់ជនល្មើសជាថ្មីទៀតនាពេលកន្លងទៅ និងបានណែនាំដល់មន្ត្រីជំនាញ ដែលមានការពាក់ព័ន្ធ រួមជាមួយកងកម្លាំងចម្រុះ ត្រូវរួមគ្នាសហប្រតិបត្តិការបន្តសកម្មភាពយូអង្វែង ដោយគ្មានការដកថយឡើយ ដោយត្រូវគ្រប់គ្រងឲ្យបាននូវផ្ទៃដី ដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់កន្លងមក ឲ្យបានគង់វង្ស និងត្រូវស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។ ហេីយបានសំណូមពរដ៏ទទូច និងអំពាវនាវដល់គ្រប់មជ្ឈដ្ឋាននានា និងប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាការពារ ទប់ស្កាត់ និងថែរក្សាធនធានធម្មជាតិរបស់យេីងឲ្យនៅគង់វង្សសម្រាប់កូនចៅយេីងនៅជំនាន់ក្រោយៗទៀត ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងចម្រុះនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានដូចជា ស័ង្កសីចំនួន២០០សន្លឹក សម្រាប់ប្រក់ជម្រកស្នាក់នៅ អង្ករចំនួន១០០គីឡូក្រាម ប្រេងសាំងចំនួន១០០លីត្រ មីជាតិចំនួន១០កេស ត្រីខកំប៉ុងចំនួន ១០យួរ ទឹកត្រីទឹកស៊ីអ៉ីវចំនួន៦យួរ ថ្នាំពេទ្យសម្រាប់ព្យាបាលជម្ងឺចំនួន ១កេស និងថវិកាមួយចំនួន សម្រាប់ជួសជុលមធ្យោបាយធ្វើដំណើរ ដែលមានការខូចខាត ក្នុងពេលបំពេញបេសកកម្មកន្លងមក ជូនដល់កងកម្លាំងចម្រុះ សម្រាប់ដោះស្រាយប្រចាំថ្ងៃផងដែរ ។ អត្ថបទវេហាស៍