សាលាដំបូងខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនជនសង្ស័យ ៣នាក់ ម្នាក់ជានាយការិយាល័យ និង ពីរនាក់ទៀត ជានាយរងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនជនសង្ស័យ ៣នាក់ ជាបណ្តោះអាសន្ន ដែលម្នាក់មានតួនាទីជា នាយការិយាល័យ និងពីរនាក់ទៀត ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នោះហើយ នៅរសៀលថ្ងៃអង្គារទី២៣ ខែកក្កដា ឆ្នាំ២០២៤។

ការសម្រេចឃុំខ្លួនមន្ត្រីនគរបាលជំនាញគ្រឿងញៀនខេត្តស្ទឹងត្រែង ទាំង ៣នាក់របស់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៣កក្កដា ម្សិលមិញនោះ បានធ្វើឡើងក្រោយការសាកសួរ បន្ទាប់ពីទទួលបានសំណុំរឿងចោទប្រកាន់របស់ តំណាងអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង និងក្រោយការឃាត់ខ្លួន និងបញ្ជូនសំណុំរឿងពី កម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោយប្រតិបត្តិការស៊ើបអង្កេត ចុះឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងករណីពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន កាលពីរសៀលថ្ងៃទី២១ កក្កដា ២០២៤ នៅលើផ្លូវទំនប់បេតុង ស្ថិតក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានឱ្យដឹងថា សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនសង្ស័យ ៣នាក់ ដែលត្រូវបានគេស្គាល់ គឺ ១-ឈ្មោះ ចែម ផានិត មានឋានៈវរសេនីយ៍ឯក (ស័ក្តិ៥) មានតួនាទីជានាយការិយាល័យនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង ,២-ឈ្មោះ ចាន់ រដ្ឋា ឋានៈវរសេនីយ៍ត្រី (ស័ក្តិ៤) ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត និង ៣-ឈ្មោះ ឃឹម លាងឃាន់ ឋានៈវរសេនីយ៍ត្រី (ស័ក្តិ៤) ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានបង្ហើបឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឡោមព័ទ្ធផ្ទះ និងការឃាត់ខ្លួនមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តទាំង ៣នាក់នោះ  គឺ ផ្អែកតាមការទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ ក្នុងសំណុំរឿងចោរកម្ម លួចកាត់ខ្សែភ្លើង និងការប្រើប្រាស់គ្រឿងញៀន ដែលកម្លាំងកងរាជអាវុធហត្ថខេត្ត បានបង្ក្រាប និងចាប់ខ្លួនបាន កាលពីថ្ងៃទី១៧-១៨កក្កដា២០២៤ កន្លងទៅនេះ។ ហើយនៅក្នុងការឃាត់ខ្លួន នាយ និងនាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត នាពេលនោះ គឺ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបើកការស៊ើបអង្កេត ស្រាវជ្រាវហ្មត់ចត់បំផុត ដោយធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ ព្រោះត្បិតសុទ្ធសឹងតែជាអ្នកមានឋានៈ និងតួនាទីខ្ពស់ ក្នុងជួរកងកម្លាំង។

ក្រោយការស៊ើបអង្កេតយ៉ាងល្អិតល្អន និងឈានដល់ការឃាត់ខ្លួន មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខាងលើនោះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅកាន់អយ្យការ និងសាលាដំបូងខេត្ត ។ ចំណែក តំណាងអយ្យការ អមសាលាដំបូងខេត្ត បានធ្វើការចោទប្រកាន់ និងបញ្ជូនសំណុំរឿងព្រហ្មទណ្ឌនោះ ទៅចៅក្រមស៊ើបសួរ នៃសលាដំបូងខេត្ត និងក្រោយការសាកសួរអស់រយៈពេលជាច្រើនម៉ោង ចៅក្រមស៊ើបសួរបានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លួនជាណ្តោះអាសន្ន ជនដែលត្រូវចោទទាំង ៣នាក់នោះ នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

ជុំវិញការចេញដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៣នាក់ ខាងលើ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែងនោះ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា បានប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាម នាថ្ងៃទី២៤កក្កដា២០២៤នេះ ឱ្យដឹងថា ព្រោះនេះគ្រាន់តែជាចម្លើយសារភាពអាចោរលួចខ្សែភ្លើង ដែលវាប្រើប្រាស់គ្រឿងញៀនទេ បើភស្តុតាងពិតមិនពិតអាហ្នឹងអត់ទាន់មានទេ អញ្ចឹងបើមានភស្តុតាងពិត អាហ្នឹងធ្វើតាមច្បាប់ចុះមានតែប៉ុនហ្នឹងទេ។

ដោយឡែក មន្ត្រីនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឈុំ ស៊ាងហាក់ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹង នៅថ្ងៃពុធទី២៤ កក្តដា ២០២៤នេះដែរថា ក្នុងសំណុំរឿងខាងលើនេះ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង បានចោទប្រកាន់រួចរាល់ និងចេញដីកាឃុំខ្លួនរួចហើយ។ ចំណែក វត្ថុតាងដែលរឹបអូសបាន រួមមាន៖ ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ (បួនម៉ឺនដុល្លារ) ប្រាក់ដុល្លារក្លែងក្លាយ (លុយសែន)ចំនួន១៧៨.១០០ដុល្លារ (ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លារ) គ្រឿងញៀនមានទម្ងន់៣,១៧ក្រាម ទូរស័ព្ទ ៥គ្រឿង រថយន្តម៉ាកហាយឡិនឌ័រ ១គ្រឿង អាវុធខ្លី១ដើម និងគ្រាប់មានចំនួន ៣៤គ្រាប់ ផងដែរ៕ ដោយ៖ឡុង សំបូរ