កិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលការចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ ក្នុងខេត្តសៀមរាប

0

សៀមរាប៖ នៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជាបានបើកកិច្ចប្រជុំពិភាក្សាសម្របសម្រួលការចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ ជាមួយបណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នអង្គភាពពាក់ព័ន្ធនិងបងប្អូនអាជីវករ ព្រមទាំងតំណាងសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាបប្រមាណជា ១០០នាក់។ កិច្ចប្រជុំបានដំណើរការក្រោមកិច្ចសម្របសម្រួលពីសំណាក់ ឯកឧត្តម  អ៊ូ ចាន់តារា អគ្គបេឡាធនាគារជាតិនៃកម្ពុជា និងលោក ឈឹម ច័ន្ទកុសល អគ្គបេឡារង ដើម្បីសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ និងដាក់ចេញនូវវិធានការ យន្តការបន្ទាន់សម្រាប់អនុវត្តនៅក្នុងខេត្តសៀមរាប។ ឯកឧត្តម  អ៊ូ ចាន់តារា អគ្គបេឡាធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា៖ ថ្មីៗនេះធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវយន្តការចំនួន ៤ចំណុចដើម្បីសម្រួលដល់ការចាយវាយក្រដាសប្រាក់ដុល្លារដែលមានសភាពចាស់ ទក់ ឬរហែកនៅក្នុងខេត្តសៀមរាប។ ធនាគារជាតិបានតម្រូវឲ្យធនាគារពាណិជ្ជនៅទូទាំងខេត្តសៀមរាបមិនត្រូវគិតថ្លៃកម្រៃសេវាបន្ថែមលើក្រដាសប្រាក់ដុល្លារដែលរហែក ទក់ ឬចាស់នោះទេ។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា៖ការសម្រេចរបស់ធនាគារជាតិនេះ ធ្វើឡើង បន្ទាប់ពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សង្កេតឃើញពី ភាពលំបាកក្នុងការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេសបានធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរបរទេស។

លោក ឈឹម ច័ន្ទកុសល អគ្គបេឡារង បានឲ្យដឹងថា ចាប់ពីពេលនេះទៅ ធនាគារជាតិនៃកម្ពុជា ស្នើឱ្យសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងខេត្តសៀមរាបទាំងអស់ ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ខូចគុណភាព ដោយមិនគិតកម្រៃសេវាពីអតិថិជន។ ចំពោះក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពពុកផុយ កណ្តៀរកាត់ ភ្លើងឆេះ ប្រឡាក់ទឹកថ្នាំ ធនាគារជាតិនៃកម្ពុជាកំពុងពិភាក្សាជាមួយដៃគូក្រៅប្រទេសក្នុងការនាំយកក្រដាសប្រាក់ដុល្លារអាមេរិកទាំងនេះទៅការធ្វើកោសល្យវិច័យ ដើម្បីបន្ថយថ្លៃបង់សេវាឱ្យមានកម្រិតទាបជាងមុន។

លោក ឈឹម ច័ន្ទកុសល បានសំណូមពដល់ បងប្អូនអាជីវករ និងអ្នកបំរើសេវាកម្មទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាបប្រើប្រាស់  កម្មវិធីBakong App ដើម្បីងាយស្រួលទូទាត់ប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក។ សូមរំលឹកថា៖កាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីអនុវត្តនៅក្នុងខេត្តសៀមរាបដែលរួមមានយន្តការបន្ទាន់និងយន្តការបន្តទៀត ។ក្នុងនោះយន្តការបន្ទាន់តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនលើកលែងតែប្រាក់នោះក្លែងក្លាយ។ករណីក្រដាសប្រាក់នោះចាស់ខ្លំាងហើយគិតថាមិនអាចបន្តចរាចរលើទីផ្សារបានធនាគារពាណិជ្ជក្នុងខេត្តត្រូវបញ្ជូននិងប្តូរយកក្រដាសប្រាក់ថ្មីពីសាខាធនាគារជាតិខេត្តដោយពុំគិតកម្រៃសេវា។ដោយឡែកបណ្តាទូរដក-ដាក់ប្រាក់(ATM)របស់គ្រឺះស្ថានធនាគារហិរញ្ញវត្ថុទាំងអស់ក្នុងខេត្តសៀមរាបតម្រូវឱ្យដាក់តែប្រភេទក្រដាស២០និង៥០ដុល្លាអាមេរិកជំនួសក្រដាស១០០ ដុល្លារអាមេរិក ដើម្បីសម្រួលការចាយវាយរបស់ភ្ញៀវទេសចរអន្តរជាតិ។សម្រាប់យន្តការបន្តគឺជំរុញការប្រើប្រាស់កម្មវិធីBakong Tourist Appដើម្បីគាំទ្រដល់វិស័យទេសចរណ៍និងសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ។សហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើស ដើម្បីកំណត់លក្ខ័ណ្ឌស្តង់ដារមួយដែលមានសង្គតិភាពរវាងម៉ាស៊ីនរាប់ស្រាល់ជ្រើស របស់ធនាគារជាតិនៃកម្ពុជានិងធនាគារពាណិជ្ជ ក៏ដូចជារវាងម៉ាស៊ីនរបស់ធនាគារពាណិជ្ជនិងធនាគារពាណិជ្ជ។

សូមបញ្ជាក់ថា៖ យន្តការទាំងនេះ អនុវត្តក្នុងខេត្តសៀមរាបតែប៉ុណ្ណោះ ក្នុងករណីមានចម្ងល់ឬចង់ដឹងអំពីព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមប្រព័ន្ធរយៈលេខទូរស័ព្ទ Hotline របស់សាខាធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាប មានលេខ ០១៦ ៥៦៨ ១៧៥៕