ខេត្តសៀមរាប: កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀន ដែលបានចាត់ធ្វើឡើងនៅសាលប្រជុំ.សាលាស្រុកស្វាយលើ.ខេត្តសៀមរាប ដែលបានរៀបចំដោយមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប ដោយមានអញ្ជើញចូលរួម លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប ដជាអធិបតី អមដោយលោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ លោក ណាម ណម នាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួនជាង១៥០នាក់ នៅព្រឹកថ្ងៃទី25ខែកក្កដាឆ្នាំ2024។
ពិធីនេះធ្វើឡើងក្នុងគោលបំណងបង្ការ ទប់ស្កាត់ ប្រយុទ្ឋប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីរួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍បានល្អប្រសើរ។
លោក វរសេនីយ៍ទោ ណាម ណម បានលើកឡើងថា ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងទោសកំហុសនៃការ ប្រើប្រាស់គ្រឿងញៀន ប្អូនៗមិនត្រូវចង់សាកចង់ដឹងពីគ្រឿងញៀន តែត្រូវសិក្សាស្វែងយល់ពីការបង្ករឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសបារីអីឡិចត្រូនិច ចូរប្អូនៗចៀសឲ្យឆ្ងាយពីគ្រឿងញៀន
ការពារគ្រប់គ្រងសមាជិកគ្រួសារឲ្យបាន មិនត្រូវឲ្យគ្រឿងញៀន បំផ្លាញអានាគត់ បំផ្លាញគ្រួសារ បំផ្លាញសុខភាពឡើយ។
លោក លឹម ភក្តី បានចែកសៀវភៅត្រួតពិនិត្យច្បាប់ស្តីគ្រឿងញៀន ដល់សមាជិកដែលចូលរួម និងបាន សំណូមពរឲ្យ កងកម្លាំង មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស រួមគ្នាទប់ស្កាត់ ការពារឲ្យបាន មិនឲ្យមានគ្រឿងញៀនរីករាលដាលនៅក្នុងមូលដ្ឋានរបស់យើង បើប្រទះឃើញការ ប្រើប្រាស់ជួញដូរគ្រឿងញៀន សូមរាយការណ៍ មកសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ ឲ្យបានទាន់ពេលវេលា ។
ដោយប៊ុន រដ្ឋា