រដ្ឋបាលខេត្តប៉ៃលិន ប្រលែងកូនត្រីចម្រុះ និងមេពូជ ចំនួនជាង ២០០០០ក្បាល ដើម្បីអបអរទិវាមច្ឆាជាតិ ១ កក្កដា ២០២៤

0

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៤ ព្រមទាំងបានលែងកូន​ត្រីចម្រុះ​ និងមេពូជ ចំនួនជាង ២០០០០ក្បាល នៅចំណុចសហគមន៍ស្រះជម្រកត្រី ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

ក្នុងពិធីនេះដែរ ក៍មានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង​ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាព មន្រ្តីរាជការ ព្រះសង្ឃ អង្កការជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

បើតាមរបាយការណ៍របស់ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បាន​ឱ្យដឹង​ថា៖ ទិវាមច្ឆាជាតិនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់​នូវមនោសញ្ចេតនា​ជាមួយ​បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទ  និងបំផុសចលនា​ប្រជាពលរដ្ឋ​គ្រប់ៗរូប ឱ្យចូលរួមយ៉ាង​សកម្ម ក្នុងការថែរក្សាពូជន៍ត្រី ក៍ដូចជាវារីជាតិផ្សេងៗទៀត ឱ្យមាននៅក្នុងដែន​ទឹក​ធម្មជាតិផង ព្រមទាំងបង្កើន​ផលត្រី​នៅតាមដំបន់ ដែលមិនជាប់ដែន​នេសាទ ជាពិសេសនៅតាមតំបន់វាល​ទំនាប និងវាលស្រែ ក្នុងទូទាំងខេត្តប៉ៃលិន ដើម្បីធានាឱ្យមានផលត្រីនៅតាម​ទី​ជន​បទ​ឆ្ងាយដាច់ស្រយ៉ាល។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងស្ថានភាព នៃ​កំណើន​តម្រូវ​ការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននាពេលបច្ចុប្បន្ន រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​ចាត់​​ទុក​​វិស័យកសិកម្មជាវិស័យអទិភាពមួយ ក្នុងនោះអនុវិស័យជលផល នៅតែ​ដើរតួ​នាទី​យ៉ាងសំខាន់ផងដែរ ក្នុងការ​ចូល​រួម​​ចំណែក រក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានា​សុវត្ថិភាព សន្តិសុខស្បៀង  និងជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ហើយក៍ជាបណ្តាញមួយ នៃសុវត្ថិភាពសង្គម ដោយ​សារ​ត្រី និងវារីជាតិផ្សេងៗទៀត នៅតែជាអាហារ​យ៉ាង​សំខាន់​មិន​​អាចខ្វះបានរបស់ប្រជាជនខ្មែរយើង បន្ទាប់​ពីស្រូវ-អង្ករ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី បានគាំទ្រសកម្មភាព របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់​​កូន​ចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួម​តាម​រយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ ព្រមទាំងផ្តល់​អនុសាសន៍​ដល់ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវបង្កើន​កិច្ចសហការ ចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននិរន្តរភាព បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់ខណ្ឌរដ្ឋបាលជលផល ត្រូវ​រៀប​ចំដាក់ស្លាកកន្លែង​អភិរក្សជលផលឱ្យ​បាន​​​ច្បាស់លាស់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំង​សមត្ថកិច្ច​​ពាក់ព័ន្ធ ព្រមទាំងធ្វើ​សកម្មភាពគ្រប់គ្រង​កន្លែងអភិរក្សជលផលឱ្យប្រកបដោយសុវត្ថិភាព ជាពិសេសរួម​សហការ​​គ្នា បង្ក្រាប​​​​​​បទល្មើសជលផល និងទប់ស្កាត់រាល់​ការ​​ប្រើប្រាស់ ឧបករណ៍នេសាទ ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់ធនធាន​ធម្មជាតិ​របស់យើងឱ្យមាន​ប្រសិទ្ធភាពខ្ពស់ ហើយក្នុងនោះត្រូវខិតខំបំផុស និងគាំទ្រ ឱ្យ​ប្រជាពល​រដ្ឋ ធ្វើការចិញ្ចឹមត្រីជា​លក្ខណៈ​​គ្រួសារ  និងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិយោគលើការងារ​ចិញ្ចឹមត្រីដែល​មានតម្លៃ​សេដ្ឋកិ​ច្ច​ខ្ពស់ ព្រមទាំងធ្វើ​ការ​កែច្នៃរផលិតផលជលផល ដើម្បីនាំចេញ។

សូមបញ្ជាក់ថា៖ ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៤ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារ បានប្រលែងកូនត្រីពូជ មានដូចជា៖ ត្រីឆ្ពិន ត្រីកាហែ ត្រីប្រា និងត្រីចម្រុះ ប្រមាណជាង ២០០០០ក្បាល ចូលទៅក្នុងសហគមន៍ស្រះជម្រកត្រី ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយស្រះជម្រកត្រីសហគមន៍នេះ បានបង្កើតឡើងនៅឆ្នាំ២០១៧ ដែលមានគណៈកម្មការចំនួន ០៩រូប ក្នុងនោះប្រធាន ១រូប អនុប្រធាន ២រូប បេឡាករ ១រូប និងសមាជិក ០៥រូប៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន