រដ្ឋបាលខេត្តប៉ៃលិន ចុះអនុស្សារណៈយោគយល់គ្នាជាមួយប្រៃសនីយ៍កម្ពុជា ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល

0

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសនីយ៍កម្ពុជា ដោយផ្តោតលើ កិច្ច​សហ​ប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចូលរួមអនុវត្តគោលនយោបាយ​រដ្ឋាភិបាល​ឌីជីថលកម្ពុជា សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ​កាន់តែមាន​ភាព​ល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសនីយ៍កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នានេះ គឺជាការប្តេជ្ញាចិត្តរដ្ឋបាលខេត្តប៉ៃលិន និងប្រៃសនីយ៍កម្ពុជា ក្នុងការចូលរួមអនុវត្ត គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាម​ឧត្តមានុវត្តជាអន្តរជាតិ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសចូលរួមដោះស្រាយបាននូវបញ្ហា ដែល​កំពុងជួបប្រទះ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាននានា និងផ្ទៀងផ្ទាត់ភាព​ត្រឹម​ត្រូវនៃឯកសារ ផ្តល់នូវទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការនានា។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតសំខាន់លើរបៀបវារៈ ធានាប្រសិទ្ធភាព សមិទ្ធកម្ម និងបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបរិវត្ត​ឧស្សាហកម្ម​ទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរជូនដល់ អគ្គនាយកដ្ឋានប្រៃសនីយ៍កម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានខិតខំសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការ បម្រើសេវាជូនប្រជាពលរដ្ឋ និងរៀបចំប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការផ្តល់សេវាសាធារណៈ ដែលនឹង​ដោះស្រាយ​បាន​នូវ​បញ្ហា​ប្រឈម​នានា​កន្លងមក ដើម្បី​ធ្វើឱ្យ​ដំណើរការ​បំពេញ​បែបបទ​បញ្ញើ​ប្រៃសណីយ៍​កាន់តែ​មាន​ភាព​ឆាប់​រហ័ស និង​អាច​គ្រប់គ្រង​បាន​នូវ​ហានិភ័យ​នានា ​ជាយថាហេតុ ស្របតាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន