(កំពង់ធំ)÷ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានពិភាក្សាក្នុងគោលបំណងជំរុញឱ្យសមត្ថកិច្ចជំនាញធ្វើយ៉ាងណាផ្សព្វផ្សាយអំពីផលប៉ះពាល់ដែលធ្វើឱ្យផលស្តុកត្រីធម្មជាតិមានការធ្លាក់ចុះដោយសារការធ្វើនេសាទដោយប្រើឧបករណ៍ខុសច្បាប់ឬហាមឃាត់។
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានជំរុញកម្លាំងជំនាញចម្រុះ បានធ្វើការចុះត្រួតពិនិត្យសា្ថនភាពទូទៅ នៅក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដូចជាកន្លែងអភិរក្ស កន្លែងធ្វើនេសាទលបឡុក និងបានអប់រំណែនាំដល់អ្នកនេសាទឱ្យប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់បានអនុញ្ញាត និងបានចាក់លែងត្រីចំរុះចូលទន្លេវិញ ចំនួន២០គីឡូក្រាមផងដែរ។
ជាមួយគ្នានេះផងដែរលោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ធំ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ និងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានអនុវត្តតាមបទបញ្ជាឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដើម្បីធ្វើការបង្ក្រាបនិងទប់ស្កាត់នេសាទបឹងទន្លេសាបដែលជាលក្ខណៈទ្រង់ទ្រាយធំនៅតំបន់អភិរក្ស ដើម្បីការពារពូជត្រីឱ្យបានគង់វង្ស។ អត្ថបទវេហាស៍