(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ បានបន្តដឹកនាំសហការី នាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីទៅ ឧបត្ថម្ភជូនកងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់អូរអាចម៍ដែក និងតំបន់ព្រៃសហគមន៍ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះ ដែលបានខិតខំបំពេញភារកិច្ចក្នុងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចភ្លៀងរលឹម ដោយមិនគិតពីការនឿយហត់ ដេីម្បីការពារ ទប់ស្កាត់មិនឲ្យមានការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋយកធ្វជាកម្មសិទ្ធ ផ្ទាល់ខ្លួនពីសំណាក់ជនល្មើសនាពេលកន្លងទៅ និងបានណែនាំដល់មន្ត្រីជំនាញ ដែលមានការពាក់ព័ន្ធ រួមជាមួយកងកម្លាំងចម្រុះ ត្រូវសហប្រតិបត្តិការគ្នាបន្តសកម្មភាពយូអង្វែង ដោយគ្មានការដកថយឡើយ ដោយត្រូវគ្រប់គ្រងឲ្យបាននូវផ្ទៃដី ដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់កន្លងមក ឲ្យបានគង់វង្ស និងត្រូវស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បី ផ្ដន្ទាទោស តាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។ ហេីយបានសំណូមពរដ៏ទទូច និងអំពាវនាវដល់គ្រប់មជ្ឈដ្ឋាននានា និងប្រជាពលរដ្ឋត្រូវរួមគ្នាការពារ ទប់ស្កាត់ និងថែរក្សាធនធានធម្មជាតិរបស់យេីងឲ្យនៅគង់វង្ស សម្រាប់កូនចៅយេីងនៅជំនាន់ក្រោយៗទៀត ។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងចម្រុះនៅពេលនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន បានឧបត្ថម្ភស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានដូចជា ស័ង្កសីចំនួន៥០សន្លឹក សម្រាប់ប្រក់ជម្រកស្នាក់នៅ អង្ករចំនួន២០០គីឡូក្រាម ប្រេងសាំងចំនួន១៥០លីត្រ មីជាតិចំនួន១២កេស ត្រីខកំប៉ុងចំនួន១០យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន៤យួរ និងថវិកាមួយចំនួន សម្រាប់ជួសជុលមធ្យោបាយធ្វើដំណើរ ដែលខូចខាត ក្នុងពេលបំពេញបេសកកម្ម ជូនដល់កងកម្លាំងចម្រុះ សសម្រាប់ដោះស្រាយប្រចាំថ្ងៃផងដែរ។ អត្ថបទវេហាស៍