ខេត្តកែប: នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរគណបក្សប្រជាជនខេត្តកែប បានរៀបចំពិធីប្រកាសតែងតាំងដំឡើងឋាន: ឯកឧត្ដម សោម ពិសិដ្ឋ ពីអនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តកែប។
ពិធីនេះក្រោមវត្តមាន ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីនេះ ឯកឧត្តម សោម សឿន បានបញ្ជាក់ថា យុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឈ្នះឆ្នោត គឺត្រូវផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស ដើម្បីទទូលបានការជឿជាក់លើការដឹកនាំ និងផ្អែកលើគុណភាព បរិមាណសមាជិករបស់បក្សដើម្បីឈ្នះឆ្នោត ដោយអនុវត្តនូវយុទ្ធសាស្ត្រសមាជិកបក្សមួយ១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស១សន្លឹក ហើយបច្ចុប្បន្ន គណបក្សប្រជាជនមានសមាជិកបក្សជាង ៧លាន៣សែននាក់នៅទូទាំងប្រទេស។ យ៉ាងណាក៏ដោយ ដើម្បីបន្តយកឈ្នះលើការបោះឆ្នោតនាពេលខាងមុខ ឯកឧត្តមបានណែនាំដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាបក្ស ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព លទ្ធភាព និងអំពើល្អរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ ពិសេសឆ្លើយតបឲ្យបានទាន់ពេលវេលា នូវសំណើ សំណូមពរ តម្រូវការ បញ្ហាប្រឈមនានារបស់ពលរដ្ឋនៅគ្រប់មូលដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋ ជឿជាក់ និងមានភាពកក់ក្តៅ និងត្រូវចាំថា ប្រជាជនជាម្ចាស់របស់ប្រទេស ជាម្ចាស់សំឡេងឆ្នោត និងជាអ្នកកំណត់ឲ្យបក្សណាឈ្នះ ឬចាញ់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សោម សឿន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផល ជោគជ័យក្នុងការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាខេត្តកែប នាពេលកន្លងមក និងការងារគ្រប់គ្រង់ដឹកនាំខេត្តកែប ឲ្យរីកមច្រើនយ៉ាងឆាប់រហ័ស។ ហើយសមទ្ធិផលទាំងនេះ ក៏មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានខេត្តកែប និងក្រុមការងារគណបក្សចុះជួយខេត្តកែប ផងដែរ។
ឯកឧត្តមប្រធានគណៈចាត់តាំង បានណែនាំកិច្ចការងារសំខាន់ៗមួយចំនួនដល់ ឯកឧត្តមសោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សខេត្តកែបថ្មី ដើម្បីយកទៅអនុវត្ត និងជឿជាក់ថា ឯកឧត្តមសោម ពិសិដ្ឋ នឹងបន្តដឹកនាំទាំងការងារបក្ស និងការងាររដ្ឋ បានកាន់តែល្អប្រសើរ និងធ្វើឲ្យគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សខេត្តកែប ដែលទើបទទួលបានការតែងតាំង ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំទាំងអស់នៃគណបក្ស ដែលបានផ្តល់សេចក្តីទុកចិត្ត ហើយតែងតាំងឯកឧត្ដម ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកែប។ ព្រមទាំងសម្តែងនូវការគោរពដឹងគុណចំពោះដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សំ សារីន សមាជិកគណៈកម្មាធិការកណ្តាល ក្នុងរយៈពេលដែលឯកឧត្តមកាន់តំណែងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ដោយបានកសាង និងពង្រឹងការងារគណបក្សលើគ្រប់វិស័យ ធ្វើឲ្យឥទ្ធិពល និងប្រជាប្រិយភាពរបស់គណបក្ស បានជ្រួតជ្រាប ចូលជ្រៅទៅក្នុងគ្រប់ស្រទាប់មហាជន នៅគ្រប់មជ្ឈដ្ឋាន និងគ្រប់មូលដ្ឋាន ។
ដើម្បីឆ្លើយតបឲ្យបានសក្តិសមចំពោះសេចក្តីទុកចិត្ត និងគុណូបក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងការខិតខំរបស់គណៈកម្មាធិការគណបក្សខេត្តកែប ទាំងមូល និងក្នុងនាមឯកឧត្ដម ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ដែលទើបតែត្រូវបានប្រកាសចូលកាន់តំណែងនាពេលនេះ សូមធ្វើការប្តេជ្ញាចិត្តដូចតទៅ៖
ប្តេជ្ញា បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណៈកម្មាធិការគណបក្សខេត្ត និងអង្គការចាត់តាំង គ្រប់ថ្នាក់របស់គណបក្ស ឲ្យកាន់តែរឹងមាំ ដើម្បីធានាការដឹកនាំយូរអង្វែងរបស់គណបក្ស ។
ប្តេជ្ញា ពង្រឹងជួរមន្ត្រីរបស់គណបក្ស ជាពិសេសមន្ត្រីនៃគណៈជំនាញរបស់គណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់ ធ្វើជាស្ពានដ៏រឹងមាំ តភ្ជាប់ជាមួយបណ្តាអង្គការចាត់តាំង និងតភ្ជាប់ការដឹកនាំរបស់គណបក្សជាមួយ ប្រជាជន ។
ប្តេជ្ញា ពង្រឹង និងពង្រីកកម្លាំងគាំទ្រគណបក្សនៅគ្រប់មូលដ្ឋាន គ្រប់មជ្ឈដ្ឋាន ធ្វើជាស្នូលបំផុស ចលនាមហាជន អនុវត្តឲ្យបានជោគជ័យ រាល់ភារកិច្ចនយោបាយដែលគណបក្សបានដាក់ចេញ ។
ប្តេជ្ញា បន្តសហការល្អជាមួយក្រុមការងារគណបក្សគ្រប់ថ្នាក់ រួមគ្នាជម្នះការលំបាក និងបញ្ហាប្រឈម នានា សំដៅឆ្លើយតបបានទាន់ពេលវេលា នូវសំណូមពររបស់គណបក្សគ្រប់ថ្នាក់ និងសំណូមពររបស់ប្រជាជន៕ សេង ណារិទ្ធ