ដោយវេហាស៍
(កំពង់ធំ)៖ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពង់ធំ បានកំពុងជន់លិចផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ នៅឃុំព្រៃគុយ និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ មានសន្ទុះកើនឡើងយ៉ាងគំហុកបានធ្វើឱ្យរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរដំណាំស្រូវប្រដេញទឹករបស់ប្រជាពលរដ្ឋចំនួន១.១០៨ហិចតា និងខូចខាតាទាំងស្រុង ៩៩៦ហិចតា ខណៈដំណាំផ្សេងៗទៀត និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏រងផលប៉ះពាល់និងខូចខាតផងដែរ។
យោងតាមរបាយការណ៍របស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ទឹកជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ និងខូចខាតដំណាំស្រូវរបស់ប្រជាកសិករខេត្តកំពង់ធំចំនួន០៧ក្រុង-ស្រុកលើ០៩ក្រុង-ស្រុកមាន÷ ស្រុកកំពង់ស្វាយ ប្រាសាទសំបូរ សណ្ដាន់ បារាយណ៍ សន្ទុក ស្រុកស្ទោង និងក្រុងស្ទឹងសែន លើ១៩ឃុំ/សង្កាត់មាន៨៤ភូមិស្មើនឹង១.៣៥៦គ្រួសារ។ ផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន១.៧១៣ហិកតា និងខូចខាតទាំងស្រុងចំនួន ១.១៨២ហិកតា។ ក្នុងនោះស្រុកកំពង់ស្វាយរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេគឺប៉ះពាល់ដំណាំស្រូវចំនួន១.១០៨ហិចតា និងខូចខាត៩៩៦ហិចតាផងដែរ។
សូមបញ្ជាក់ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៤ អនុវត្តបាន ចំនួន១៩៨.០៥៣ហិកតាស្មើនឹង៩២.៨៥% នៃផែនការ២៣១.៣០០ហិកតាខ្ពស់ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នាចំនួន១.២៧៩ហិកតា ក្នុងនោះស្រូវស្រាលដើមរដូវឬស្រូវបង្កើនរដូវចំនួន៣៣.២៥៤ហិកតា៕