ដោយ វេហាស៍
(កំពង់ធំ)៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីចុះអនុស្សរណៈយោគយល់ គ្នារវាងខេត្តកំពង់ធំ និងខេត្តឃ្យុងសាងប៊ុកដូ។ ពិធីចុះអនុស្សរណៈនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Lee Cheol Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ។
ពិធីចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីពង្រឹងបន្ថែមទៀតនូវការទំនាក់ទំនងជាដៃគូនៃប្រទេសទាំងពីរ បានយល់ព្រមឯកភាពគ្នាចំនួន ៩ចំណុច ដូចខាងក្រោម៖ ១. ភាគីទាំងពីរ បានឯកភាពនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលនៃខេត្តទាំងពីរដោយស្មោះត្រង់, ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសរៀងៗខ្លួន។ ២. ដើម្បីជំរុញកំណើន និងវិបុលភាពទៅវិញទៅមក ភាគីទាំងពីរ បានព្រមព្រៀងគ្នាក្នុងការស្វែងរកឱកាសសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែលរួមមាន៖ ពាណិជ្ជកម្ម និងការ វិនិយោគ, ការអប់រំ, វប្បធម៌, ទេសចរណ៍, ការថែទាំសុខភាព និងកសិកម្មប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ៣. ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរ នឹងខិតខំប្រឹងប្រែង កសាងបរិយាកាសអំណោយផលសម្រាប់ការផ្លាស់ប្តូរ។ ៤. ភាគីទាំងពីរ នឹងជំរុញការផ្លាស់ប្តូរនិស្សិតនៅតាមសាកលវិទ្យាល័យនៃខេត្តទាំងពីរ និងពង្រឹងការផ្លាស់ប្តូរនិយោជិត។
៥. ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរវាងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ភាគីទាំងពីរ នឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើការផ្លាស់ប្តូរមន្ត្រីរាជការពី ភាគីនីមួយៗ តាមរយៈកម្មវិធីអញ្ជើញមន្ត្រីរាជការ ពីរដ្ឋបាលខេត្តនីមួយៗ។ ៦. ភាគីទាំងពីរ នឹងប្រឹងប្រែងយ៉ាងសកម្ម ក្នុងការស្វែងរកឱកាសផ្លាស់ប្តូរវប្បធម៌ តាមរយៈការចូលរួមក្នុងកម្មវិធីផ្សេងៗ។ ៧. ផ្នែកទំនាក់ទំនងអន្តរជាតិ នៃខេត្តកំពង់ធំ និងផ្នែកកិច្ចការបរទេស និងពាណិជ្ជកម្ម នៃខេត្តឃ្យុងសាងប៊ុកដូ នឹងក្លាយជាច្រកទំនាក់ទំនង ដើម្បីសម្របសម្រួលលើកិច្ចសហប្រតិបត្តិការ និងការត្រួតពិនិត្យការអនុវត្តបទប្បញ្ញត្តិក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ។ ៨. ការកែសម្រួល ឬបំពេញបន្ថែមខ្លឹមសារលើអនុស្សរណៈនៃការយោគយល់គ្នា ត្រូវធ្វើឡើងដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរពីភាគីណាមួយ និងផ្អែកលើការព្រមព្រៀងគ្នាទៅវិញទៅមករវាងភាគីទាំងពីរ។ វិវាទណាមួយទាក់ទងនឹង ឬកើតឡើងពីការបកប្រែការអនុវត្ត និងការប្រតិបត្តិបទប្បញ្ញត្តិនៃអនុស្សរណៈនៃការយោគយល់គ្នា នឹងត្រូវបានដោះស្រាយដោយមិត្តភាព ដោយផ្អែកលើការព្រមព្រៀងគ្នាទៅវិញទៅមករបស់ភាគីទាំងពីរ។
៩. អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខាដោយ ភាគីទាំងពីរ ហើយនឹងមានសុពលភាពរយៈពេលប្រាំ(៥)ឆ្នាំ។
ជាមួយគ្នានេះ ឯកឧត្តម Lee Cheol Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ បានអញ្ជើញឯកឧត្តមអភិបាលខេត្តកំពង់ធំ បំពេញទស្សនកិច្ចនៅខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ នាពេលខាងមុខផងដែរ៕