កងកម្លាំងអន្តរាគមន៍​​នៃបញ្ជាការដ្ឋាន​​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេច ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ក្នុងពេលដែលទឹកជំនន់នៅតាមដងស្ទឹងសែន នៅខេត្តកំពង់ធំ ឈាឈានចូលដល់កម្រិតប្រកាសអាសន្ម

0

ដោយ វេហាស៍

( ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២៤​ នៅទីបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាស​អាសន្ន​ ត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ នៃ​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុង​ពេល​ដែល​ជំនន់​ទឹក​ភ្លៀង​ឡេីង​លេីសកម្រិតប្រកាសអាសន្ន​ ដែលកិច្ចប្រជុំត្រួតពិនិត្យនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ យោធភូមិភាគ​ទី​៤​ ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២៤​នេះ កម្រិតកម្ពស់ទឹកនៅតាមដងស្ទឹងសែន នៅស្ថានីយ៍​ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានកម្ពស់១៣,៦៣ម៉ែត្រ លើ​កម្រិតប្រកាសអាសន្ន១៣.៥០ម៉ែត្រ ដូច្នេះទឹកបានឡើងលើសកម្រិតប្រកាសអាសន្ន កម្ពស់ ១៣សង់ទីម៉ែត្រ​ ហើយជាមួយនោះដែរ រដ្ឋបាលខេត្ត​កំពង់ធំ បានចេញលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្ត​កំពង់ធំ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលកម្រិតទឹកតាមដងស្ទឹងសែន ឈានដល់លើសកម្រិតប្រកាសអាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូប មានការប្រុងប្រយ័ត្នខ្ពស់ ទាំងការថែរក្សាអាយុជីវិត និងការថែរក្សាទ្រព្យសម្បត្តិ ទទ្ទឹមនិងនេះផងដែររដ្ឋបាល​ខេត្ត​កំពង់​ធំ​ ក៏​បាន​ប្រកាស​ឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ពិសេស​ភូមិ​សាស្ត្រ​នៅ​តាម​បណ្ដោយ​ដងស្ទឹងសែន​ ត្រូវ​រៀបចំប្រុងប្រៀបទីទួលសុវត្ថិភាព ជូនប្រជាពលរដ្ឋស្នាក់នៅ ដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បានណែនាំដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ទាំង​នៅ​ថ្នាក់​ខេត្ត​ និង​នៅ​តាម​បណ្តា​ក្រុង​ស្រុក​ ត្រូវត្រៀមបម្រុងកម្លាំង២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួលសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅតាមមូលដ្ឋាននានា តាមបទបញ្ជារបស់ឯកឧត្តម​មេបញ្ជាការរងកងទ័ព​ជេីង​គោក​ មេបញ្ជាការ​យោធភូមិភាគទី៤ និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទាន់ពេលវេលា​ននិងមានប្រសិទ្ធភាព ។​

លោកវរសេនីយ៍ទោ សៀង ហុកឃាន់ តំណាងឱ្យនាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ ក្នុង​កងអន្តរាគមន៍​ទាំង​អស់​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​ប្តេជ្ញា​ចិត្ត​ដាច់​ខាត​គោរព​អនុវត្ត​ន៍​តាម​បទ​បញ្ជា​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​កងយោធពលខេមរភូមិន្ទ​ ឯកឧត្តម​អភិបាល​ខេត្ត​ ប្រធានគណៈបញ្ជាការឯកភាព​រដ្ឋ​បាល​ខេត្ត​ និង​បទបញ្ជា​របស់​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ទទួល​បាន​ជោគជ័យ​ ដេីម្បី​ប្រជាជន​៕