ខេត្តស្ទឹងត្រែង៖ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានចេញបញ្ជាដល់កម្លាំងសមត្ថកិច្ចខេត្ត រួមគ្នាសហការចចុះបង្ក្រាបក្មេងទំនើង អំពើចោរកម្ម ល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរ ប្រើប្រាស់ ការចែកចាយគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដោយគ្មានការលើកលែង និងយោគយល់ជាដាច់ខាត។
ការដាក់ចេញនូវបទបញ្ជានេះ បន្ទាប់ពីលោក សរ សុពុត្រា បានប្រកាសចូលកាន់មុខតំណែងជា អភិបាលខេត្តស្ទឹងត្រែង មិនទាន់បាន ១ខែនោះទេ ក្នុងការជំរុញដល់កម្លាំងសមត្ថកិច្ច រួមទាំងអាជ្ញាធរមូលដ្ឋាន រួមសហការគ្នា អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចុះ ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។
ក្រោយពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកអភិបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធី ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ផងនោះ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានដឹកនាំកម្លាំងជំនាញក្រោមឱវាទ ចុះអង្កេតស្រាវជ្រាវរកមុខសញ្ញាចោរកម្មយ៉ាងសកម្ម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើស ក្នុងអំពើចោរកម្ម និងការរក្សាទុកជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនបាន ៣នាក់បន្ថែមទៀត កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩កក្កដា២០២៤នេះ បានបង្ហាញមុខជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាងបទល្មើសដែលដកហូតបាន ដោយមានការអញ្ជើញចុះពិនិត្យដោយផ្ទាល់ពី អភិបាល នៃគណៈអភិបាលខេត្ត លោក សរ សុពុត្រា និងតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ផងដែរ។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋលើករណីលួចម៉ូតូ យើងបានធ្វើការពន្លាតនីតិវិធី ឃាត់ខ្លួនជនសង្ស័យ ចាប់ខ្លួនអ្នកដែលពាក់ព័ន្ធ រហូតដល់យើងបំបែកបាន នូវសំបុកមួយទៀត នៃក្រុមទទួលផលចោរកម្ម និងការជួញដូរគ្រឿងញៀន។
លោក សរ សុពុត្រា បានបន្តទៀតថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត សូមស្នើសុំទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ឱ្យសុំបន្តធ្វើការស៊ើបសួរ ស្រាវជ្រាវ និងពន្លាតនិតិវិធី ដើម្បីយកក្រុមដែលនៅពីក្រោយខ្នងជនប្រព្រឹត្តបទល្មើសឱ្យបាន ដោយលោក បានទទួលព័ត៌មានថា ក្រុមទាំងនេះ គឺនៅមិនទាន់អស់នៅឡើយ ។
លោកអភិបាលខេត្ត សរ សុពុត្រា បានប្រកាសគាំទ្រដាច់ខាត ចំពោះប្រសាសន៍ណែនាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានថ្លែង នៅព្រឹកថ្ងៃទី២៩កក្កដានេះ លើការមានវិធានការបន្ទាន់ ចំពោះក្រុមក្មេងទំនើង ជាពិសេសក្មេងទំនើងដែលធ្វើការបង្ហោះម៉ូតូ ដ៏រាបណាក្មេងទាំងនោះមិនមានការកែប្រែ នោះនឹងមិនអនុញ្ញាត្តិឱ្យក្មេងទំនើងទាំងនោះ បង្កអស្ថេរភាពនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែងនោះទេ គឺសុខចិត្តឱ្យអ្នកអន្តរាគមន៍ទាំងនោះខឹងសម្បារ តែក៏មិនអាចឱ្យប្រជាពលរដ្ឋ ស្អប់និងខឹងលើវិធានការនេះនោះដែរ ។
លោកអភិបាលខេត្តស្ទឹងត្រែង បានជំរុញកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មូលដ្ឋានអាវុធហត្ថក្រុង ស្រុកទាំងអស់ បន្តអនុវត្តតាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ធ្វើយ៉ាងណាត្រូវធ្វើឱ្យប្រជាពលរដ្ឋសាទរ កុំខ្លាចអ្នកនៅពីក្រោយខ្នងបទល្មើស គឺត្រូវខ្លាចប្រជាពលរដ្ឋខឹងយើង ត្រូវខ្លាចប្រមុខថ្នាក់ដឹកនាំខឹងយើង និងស្តីបន្ទោសករណី ដែលមិនអនុវត្តតាមបទបញ្ជានោះទៅវិញទេ ។
លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានថ្លែង កោតសរសើរបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាពិសេសស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដែលបានសហការសម្របសម្រួលនីតិវិធី ធ្វើឱ្យកិច្ចការងារនេះប្រសើរឡើង ព្រោះថា នេះជាសំបុកទីពីរនៃពួកសង្គមងងឹត ហើយលោកអភិបាលខេត្ត នឹងបន្តទៅបំបែកសំបុកដទៃទៀត ប្រសិនណាពួកទាំងនេះមិនទាន់ដកថយ គឺនៅតែបន្តកម្ទេច ពីព្រោះពួកនេះ គឺជាឈ្លើងសង្គម គឺមិនអនុញ្ញាត្តិឱ្យឈ្លើងនេះ មកបំផ្លាញសមិទ្ធផលសន្តិភាពបានទេ។
គួរបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបបាន និងបញ្ជូនទៅតុលាការខេត្ត សម្រេចឃុំខ្លួនក្នុងពន្ធនាគារខេត្ត នៅល្ងាចថ្ងៃទី២៩កក្កដា២០២៤នេះ មានចំនួន ៣នាក់ គឺ ១-ឈ្មោះ ញ៉ាង ឆៃយ៉ា ហៅអាយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ (ខ្មែរ) រស់នៅភូមិផ្អាវ ឃុំអន្លងភេ ស្រុកថាឡាបរិវ៉ាត់ ,២-ឈ្មោះ ទុយ សុភ័ក្រ ហៅសុខ អាយុ១៧ឆ្នាំ (ខ្មែរ) រស់នៅភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ និង ៣- ឈ្មោះ វ៉ែន សល់ ភេទប្រុស អាយុ ៥១ ឆ្នាំ (ខ្មែរ) មានទីលំនៅចំណុចគោរោទ៍ ស្ថិតក្នុងភូមិ ឃុំឆ្វាំង ស្រុកថាទ្បាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ០១កញ្ចប់តូច ស្មើ ០,៤៣ក្រាម ,ឧបករណ៍សម្ភារ:ប្រើប្រាស់ថ្នាំញៀន និងម៉ូតូ ០៦គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត ផងដែរ។ ជនសង្ស័យទាំង ៣នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនហើយ នៅល្ងាចថ្ងៃទី២៩ កក្កដា ២០២៤នេះ៕ដោយ៖ឡុង សំបូរ