កំពង់ឆ្នាំ៖ ជាការពិតណាស់ ល្បែងស៊ីសងប្រៀបបានទៅនឹង នៅក្បែរទ្វារផ្ទះលោក អភិបាលខេត្ត និងក្រោមកាំជណ្តើររបស់លោក ស្នងការនគរបាលខេត្តកំពង់ឆ្នាំង តែមិនត្រូវបានបង្រ្កាប ផ្ទុយទៅវិញបនល្បែងទាំងនេះ បានរីសាយភាយ នៅភូមិទី៧សង្កាត់ខ្សាម រួមទាំង ក្រុងកំពង់ឆ្នាំងតែម្តង ក្នុងនោះមានល្បែងជល់មាន់តាមអនឡាញ បានឆើតមុខមាត់ ជូនខេត្តកំពង់ឆ្នាំង ធ្វើឲ្យល្បឺរន្ទឺពេញប្រទេស ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់លោកស្នងការ និងលោកអភិបាលខេត្តកំពង់ឆ្នាំង។
ល្បែងមាន់អនឡាញនិងឡូតូ ត្រូវបានធ្វើសកម្មភាពយ៉ាងគឃ្លើន បើទោះបីជាមានការព្រមានដកតំណែងរបស់ ស្នងការ អធិការ រាជធានី ខេត្ត ណាដែលបណ្តែតបណ្តោយឲ្យមាន ល្បែស៊ីសង ពីសំណាក់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ក្តីតែ បទបញ្ជានេះ ត្រូវបានអាសាបង់ ដោយមន្រ្តីថ្នាក់ក្រោម មិនបានយកត្រចៀកស្តាប់នោះឡើយ ថែមទាំងបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសង សង្កាត់ ក្នុងក្រុងកំពង់ឆ្នាំង/ខេត្តកំពង់ឆ្នាំង រក្សាបនល្បែងដោយគ្មានការរង្គោះរង្គើឡើយ។
ប្រភពច្បាស់ការពីប្រជាពលរដ្ឋឲ្យដឹងថា បនល្បែងស៊ីសង ដែលត្រូវបានគេស្គាល់ហាសនាម ( មិនទើសក្បាលអាណា ) តែគេនិយមហៅលោកតាៗ ដែលត្រូវបានពលរដ្ឋបញ្ជាក់ថា ជាមេធំ និងជាពិសេសមានខ្នងបង្អែកគ្រាក់ៗប្រគល់ស្មាឲ្យផ្អែកពីក្រោយ ទើបហ៊ានលេងល្បែងស៊ីសងយ៉ាងអាណាធិប្បតេយ្យ
ដោយឡែកលោកអៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យស្នងការ ខេត្តកំពង់ឆ្នាំងបានបញ្ជាក់យ៉ាងខ្លី តាមប្រព័ន្ធតេឡេក្រាមនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកថា ល្បែងស៊ីសងនេះគឺមិនមានច្បាប់អនុញ្ញាតិនោះទេ ។
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង បានទទូចអង្វរលោក ស៊ុន សុវណ្ណារិទ្ធិ ក្នុងនាមជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង រួមទាំងលោក តេង ចាន់ណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងធ្វើជាម៉ែជាឳ ជាអាណាព្យាបាល ត្រូវរកភាពសុខសាន្តដល់ពេលរដ្ឋ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព ផ្តល់ភាពកក់ក្តៅជូនពលរដ្ឋទើបជាថ្នាក់ដឹកនាំល្អ និងសុំឲ្យជួយលុបបំបាត់ឲ្យបាន នូវល្បែងស៊ីសងទាំងនេះ ព្រោះបើកាលណា កើតមាននូវល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន បង្កើតឲ្យមានអំពើជួញដូរមនុស្ស ហិង្សាក្នុងគ្រួសារ អំពើចោរកម្ម គ្រឿងញៀន បង្ករភាពអសន្តិសុខក្នុងមូលដ្ឋាន មិនខានឡើយ។