សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ ចុះ​បង្ក្រាប​បទល្មើស​ជលផល​ ៤ករណី​ បំផ្លាញចោល​នូវ​ឧបករណ៍​ខុសច្បាប់​ និង​ពន្លែង​កូន​ត្រី​ចូល​ក្នុង​បឹងធម្មជាតិ​វិញ​

0

កំពង់ចាម​: ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយ ដោយមានការអនុញ្ញាតពីសាលាដំបូងខេត្តកំពង់ចាម​ នាថ្ងៃទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល បានចំនួន ៤ករណី​ ព្រមទាំង​បាន​បំផ្លាញ​ចោល​នូវ​ឧបករណ៍​ខុសច្បាប់​ ​និង​ពន្លែង​កូន​ត្រី​ចូល​ក្នុង​បឹងធម្មជាតិ​វិញ​ផង​ដែរ​។

មន្ត្រីខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ការ​ចុះ​បង្ក្រាប​នេះ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងចុះរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖  -ករណី​ទី​១​ ឧបករណ៍ដាយស្បៃមុងចំនួន ៥មាត់ ទំហំ ៤x២x១១ម៉ែត្រ នៅចំណុចព្រែកមេស ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ករណី​ទី​២​ ឧបករណ៍ដាយស្បៃមុងចំនួន ៣មាត់ ទំហំ ៤x២x១១ម៉ែត្រ នៅចំណុចតាមដងស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ។ ករណី​ទី​៣​ ឧបករណ៍លូស្បៃមុង​ ចំនួន ១២មាត់  -របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ​ -បង្គោលចម្រឹងចំនួន ១៨០ដើម  -ចាក់លែងកូនត្រីចម្រុះទម្ងន់ ៦គីឡូក្រាម   នៅចំណុចព្រែកខ្លាក្រទាម ស្រុកកងមាស ខេត្តកំពង់ចាម។  ករណី​ទី​៤ ឧបករណ៍លូស្បៃមុងចំនួន ៦មាត់  -របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ  -បង្គោលចម្រឹងចំនួន ៩០ដើម  -ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣គីឡូក្រាម នៅចំណុចបឹងផ្សារ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម​ ៕