ខេត្តកែប៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប(ល.ខ.ប) នៅព្រឹកថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២៤ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនដល់ភាគីពាក់ព័ន្ធស្ដីពីការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីរបោះឆ្នោតផ្លូវការឆ្នាំ២០២៣សម្រាប់ការពិនិត្យបញ្ជើឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងនៃគណៈអភិបាលខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប ព្រមទាំងមានការចូលរួមពី កងកម្លាំងទាំងបី តំណាងគណបក្សនយោបាយ និងអ្នកពាក់ព័ន្ធ មួយចំនួនទៀត។
លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប បានអោយដឹងថាការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលមួយ ក្នុងចំណោមដំណាក់កាលទាំង៤ នៃការបោះឆ្នោត ដែលដំណាក់កាលទាំងនោះរួមមាន៖ ១.ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ២.ការចុះបញ្ជីគណបក្ស នយោបាយ និងការចុះបញ្ជីបេក្ខជនឈរឈ្មោះ ៣.ការឃោសនាបោះឆ្នោត និង៤.ការបោះឆ្នោត ការរាប់ សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត។
លោកបន្ថែមថា ការអនុវត្តតាមសេចក្ដីណែនាំរបស់ គ.ជ.ប លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានបិទផ្សាយ សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត(ក.ច.ប) សម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ នៅតាមឃុំ សង្កាត់ទាំង៥ ទូទាំងខេត្តបានរួចរាល់ ដោយ ក្នុងមួយឃុំ សង្កាត់ជ្រើសរើស ប្រធានក្រុមចុះឈ្មោះ ១រូប និងសមាជិកក្រុមចុះឈ្មោះបោះឆ្នោតជា ការីកុំព្យូទ័រ ក្នុងមួយឃុំ សង្កាត់ ចំនួន ១រូប។ ចំពោះកាលបរិច្ឆេទនៃការចែកពាក្យ និងទទួលពាក្យ គឺនៅ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧ព្រឹក និងឈប់ទទួលពាក្យនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៣០នាទី។ ទីកន្លែងទទួលពាក្យ និងដាក់ពាក្យ គឺនៅតាមសាលាឃុំ សង្កាត់ទាំង៥ ទូទាំងខេត្ត។
លោក ប៊ុន យោង អភិបាលរងនៃគណៈអភិបាលខេត្តកែប បានដាក់ចេញនៅគោលការមួយចំនួនដើម្បីឱ្យដំណើរការនៃការផ្ដល់លិខិតអញ្ជើញ និងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក៖
១.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គភាពកងកម្លាំងប្រដាប់អាវុធ ត្រូវសហការជាមួយលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្ត និងក្រុមចុះឈ្មោះបោះឆ្នោត ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ របៀបរៀបរយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពី ថ្ងៃទី១ កញ្ញា រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅពេលខាងមុខ តាមបណ្ដាទីតាំងដែលបានបិទផ្សាយ ឱ្យប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ ធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព សង្គម ចៀសផុតពីការរំខានអុកឡុក ការបំភិតបំភ័យ ការគំរាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ ស្រប តាមខ្លឹមសារនៃសេចក្ដីណែនាំរួមលេខ ០៥ សណន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤។
២.លោកអភិបាលក្រុង ស្រុក ផ្ដល់ការគាំទ្រ និងផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៤៦ ស.ណ.ន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុង បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៣ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិគ្រប់ភូមិ តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សំដៅឈានទៅអនុវត្តការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុង បញ្ជីបោះឆ្នោត និងទិន្នន័យដែលមានក្នុងលិខិតអញ្ជើញក្នុងឃុំ សង្កាត់ឱ្យបានដល់សាមីខ្លួនគ្រប់ៗគ្នា៕ សេង ណារិទ្ធ