គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក បើកកិច្ចប្រជុំជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងស្រុក ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងសភាពការណ៍ទូទៅ

0

ដោយ វេហាស៍

(កំពង់ធំ)៖ នាព្រឹកថ្ងៃទ៣០ ខែកក្កដា ឆ្នាំ២០២៤នេះលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងសភាពការណ៍ទូទៅ ទូទាំងស្រុកប្រាសាទបល្ល័ង្ក ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋាន នាព្រឹកថ្ងៃទ៣០ ខែកក្កដា ឆ្នាំនេះ

ក្នុងកិច្ចប្រជុំនោះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងស្រុក នាយក-នាយករងស្រុក  ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធក្នុងស្រុក  កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំ សាលាស្រុកប្រាសាទបល្ល័ង្ក។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ត្រូវបង្ក្រាបរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងស៊ីសងតាមអនឡាញឱ្យខានតែបាន ក្នុងភូមិសាស្ត្រទូទាំងស្រុក។
បើសិនជាមានតាមបណ្តាមូលដ្ឋានណាមួយនោះ អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកមេភូមិ-មេឃុំ លោកមេប៉ុស្តិ៍ទាំង៧ឃុំ  ត្រូវទទួលខុសត្រូវ ហើយរដ្ឋបាលស្រុកនឹងចាត់វិធានការផងដែរ។ ម្យ៉ាងទៀតចំពោះបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទក៏ដូចគ្នាដែរ សមត្ថកិច្ចត្រូវតែដឹកនាំបង្ក្រាបឱ្យអស់មិនឱ្យសល់ឡើយ បើឃុំណាធ្វើមិនបាន ត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

លោក អភិបាលស្រុក បានកោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រដ្ឋបាលឃុំ អង្គភាពការិយាល័យពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានជាលទ្ធផលល្អប្រសើរ ពិសេសការទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើចោរកម្ម ឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានាពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ ឱ្យបានកាន់តែល្អថែមទៀត។

ជាចុងក្រោយលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានផ្ដាំផ្ញើដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយស្រុក សហការជាមួយកាកបាទក្រហមស្រុក ត្រូវត្រៀមសម្ភារៈ គ្រឿងឧបភោគបរិភោគ ពូជដំណាំ និងទីទួលមានសុវត្ថិភាពឱ្យបានរួចជាស្រេច ដើម្បីបង្ការទុកជាមុននៅពេលមានទឹកជំនន់ទន្លេមេគង្គហក់ឡើង ត្រូវជម្លៀសប្រជាជនទៅទីទួលមានសុវត្តិភាពឱ្យបានទាន់ពេលវេលា៕