(កំពង់ធំ) នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ តារា អភិបាលរងខេត្តកំពង់ធំ ប្រធានមន្ទីរ អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សមាគមក្រុមប្រឹក្សាស្រុក ឃុំ សង្កាត់ តំណាងយុវជនអង្គការសង្គម ស៊ីវិលនានា និង វិស័យ ឯកជន បានចូលរួមក្នុងកិច្ចប្រជុំ ការរៀបចំនិងការកសាងវិនិយោគ ៣ឆ្នាំរំកិល នៅសាលប្រជុំសាលាខេត្តកំពង់ធំ ។
លោក ចាន់ សារឿន អនុប្រធានអចិន្ត្រៃយ៍ គណកម្មាធិការ កសាងផែនការខេត្តកំពង់ធំ បានលើកឡើងពីគោលបំណងក្នុងកិច្ចប្រជុំនេះដើម្បីឲ្យអ្នកពាក់ព័ន្ធយល់ខ្លឹមសារនៃសេចក្តីណែនាំស្ដីពីការរៀបចំកសាងវិនិយោគ ៣ឆ្នាំរំកិលដែលពាក់ព័ន្ធបទដ្ឋាននានា កញ្ចប់ថវិកាប្រចាំឆ្នាំ សារៈសំខាន់នៃការចូលរួម និងចូលរួមនៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខេត្តកំពង់ធំ។
ឯកឧត្តម ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ក្នុងអង្គប្រជុំ ការរៀបចំការវិនិយោគគឺជាគឺជាការងារចាំបាច់ដែលត្រូវរៀបចំជារៀងរាល់ឆ្នាំទោះបីជាមាន បទពិសោធន៍អនុវត្តកិច្ចការនេះកន្លងមក ដោយផ្អែកលើលទ្ធផលបូកសរុបធាតុចូលដែលប្រមូលបានពី ក្រុង-ស្រុក សង្កេតឃើញមានការរៀបចំការអនុវត្តគម្រោងអាទិភាពសកម្មភាពនៅតាមខេត្តនីមួយៗ មិនទាន់គ្រប់គ្រាន់ និងឆ្លុះបញ្ចាំងពីតម្រូវការគ្រប់វិស័យ និងមិនទាន់ឆ្លើយតបទៅស្ថានភាពគ្រប់វិស័យនៅឡើយ ការគ្រប់គ្រង គ្រប់វិស័យនៅមានភាពមិនទាន់គ្រប់ជ្រុងជ្រោយ ហើយតម្រូវឲ្យអង្គភាព ស្ថាប័នជំនាញនិងរដ្ឋបាល គ្រប់ជាន់ថ្នាក់ខិតខំពង្រឹងបន្តទៀត ។
ឯកឧត្តមបន្តទៀតថា កិច្ចប្រជុំនេះជាការចាប់ផ្ដើមជំហានទី២ នៃដំណើរការរៀបចំកសាងគម្រោងវិនិយោគ ៣ឆ្នាំរំកិល ការរៀបចំសេចក្តីព្រាង វិនិយោគ ៣ឆ្នាំរំកិលដែលមានសកម្មភាពជាច្រើន ត្រូវបង្ហាញនិងណែនាំជូន អនុវត្តបន្តទៀត ការចាប់ផ្ដើមជំហានទី២ នេះគឺមានគោលបំណងជូន អង្គភាព អ្នកពាក់ព័ន្ធទាំងអស់បានយល់ពីខ្លឹមសារ សេចក្តីណែនាំ រៀបចំកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខេត្ត និងយល់ពីខ្លឹមសារបទដ្ឋាននានា។
គួរបញ្ជាក់ផងដែរ ក្នុងកិច្ចប្រជុំនេះនឹងមានការណែនាំបំពេញតារាងធាតុចូលជាលើកទី២ ដែលជាតារាងដែលត្រូវបំពេញតាម អង្គភាពពាក់ព័ន្ធ និងយកចិត្តទុកដាក់គិតពិចារណា ដោយផ្អែកលើសេចក្តីណែនាំ ស្ដីពីការរៀបចំធាតុចូលវិនិយោគ ៣ឆ្នាំរំកិលរបស់ខេត្ត ឆ្នាំ២០២៥-២០២៧ ដែរជាឯកសារតម្រង់ទិសដែលមានសំខាន់សម្រាប់រៀបចំគម្រោងថវិកាវិនិយោគនិងផ្សព្វផ្សាយ ។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ រូបភាពដោយ ថុង ពលរិទ្ធី