រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រើនរំលឹកគណៈអភិបាលខេត្តស្ទឹងត្រែង ឱ្យពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសរត់ពន្ធឆ្លងដែនគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុត សំអន បានក្រើនរំលឹកដល់ គណៈអភិបាលខេត្តស្ទឹងត្រែង ជាពិសេសអភិបាលរងខេត្តស្ទឹងត្រែងថ្មី ពីររូប ដែលទើបប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តទៅតាមតួនាទីភារកិច្ចដែលបានកំណត់ ក្នុងនោះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបាន ចំពោះបទល្មើសគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ ជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែន ឲ្យមានប្រសិទ្ធភាព ។

ប្រសាសន៍ដាស់តឿននោះ បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ២រូប នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលាខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អភិបាលក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងកងកម្លាំងទាំង៣ សរុបប្រមាណជិត ២០០នាក់។

យោងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្លាស់ប្តូរអភិបាលរងខេត្តពីររូប គឺ ១-លោក ស៊្រន សំឬទ្ធី អតីតអភិបាលរងខេត្តកំពង់ឆ្នាំង មកជា អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួនលោក ចៅ មុន្នីរ៉ា ដែលត្រូវផ្លាស់ទៅមប្រើការងារនៅក្រសួងមហាផ្ទៃ និង ២-លោក ព្រំ វណ្ណៈ អតីតអភិបាលរងខេត្តកំពងស្ពឺ មកជា អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសលោក ញ៉ែម សារី ដែលត្រូវផ្លាស់ទៅបំពេញការងារជា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានសម្តែងការសាទរចំពោះ អភិបាលរងថ្មីខេត្តស្ទឹងត្រែង ទាំងពីររូប ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ និងលោកមានក្តីសង្ឃឹមថា គណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង នឹងរួមគ្នាជាកម្លាំងឯកភាពរួមមួយ ប្រកបដោយគុណវឌ្ឍ និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍខេត្តស្ទឹងត្រែងឱ្យមានការរីកចម្រើនឡើងថែមទៀត។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុត សំអន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈ បានយ៉ាងល្អប្រសើរ នាពេលកន្លងមក ។

អភិបាលរងខេត្តស្ទឹងត្រែងថ្មី ទាំងពីររូប បានឡើងប្តេជ្ញាចិត្តថា គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងការចាត់តាំង និងការណែនាំរបស់ថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដោយតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន លើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បង្កើនសមត្ថភាពផ្ទាល់ខ្លួន និងអប់រំ កែលម្អអត្តចរឹក សីលធម៌ ក្នុងគ្រប់ទំនាក់ទំនងជីវភាពការងារឱ្យបានល្អប្រសើរ ,ប្តេជ្ញាចូលរួមអនុវត្ត និងខិតខំបង្ការ ទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្មទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ សុខមាលភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ឡុង សំបូរ