រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញមន្ត្រីមូលដ្ឋានឱ្យពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីរក្សាភាពបៃតងនៅកម្ពុជា

0

ខេត្តស្ទឹងត្រែង៖ ការជំរុញរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត ដល់ថ្នាក់ដឹកនាំ នៃមន្ទីរបរិស្ថានខេត្ត នៅក្នុងឱកាសដែលលោករដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះជួប​សំណេះ​សំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តជំរុញថ្នាក់ដឹកនាំ និងមន្រ្តីមន្ទីរបរិស្ថានខេត្ត ក៏ដូចមន្ត្រីក្រសួងបរិស្ថាន រួមសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ និងដៃគូរ​ពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាពិសេស​សម្អាត​ប្លាស្ទិក​នៅ​លើគោ​ក ក្នុងទឹក និងលើអាកាស ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការបំពុលទៅដល់ជីវៈចម្រុះ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញបន្ថែម ​ឲ្យ​ពង្រឹង​ការ​អនុវត្ត​​ច្បាប់ ១០០ភាគរយ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ការផ្តល់សម្ភារ និង​ផែនទី សម្រាប់​​ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន រួមការសហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេសជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ការដាំ​កូនឈើ និងស្តារព្រៃឈើ ដើម្បីភាពបៃតង ដែលជា​ចំណែក​ នៃ​ការ​រក​ប្រាក់​ចំណូល​បន្ថែម ​របស់​ប្រជាសហគមន៍ ជួយឱ្យមានការអភិវឌ្ឍដោយចីរភាព រក្សាបាននូវអព្យាក្រឹតកាបូន និង​សម្រេចបានគោលដៅជាប្រទេសមានគម្របព្រៃ ៦០ភាគរយ នៅឆ្នាំ២០២៥ ខាងមុខនេះ ៕ដោយ៖ឡុង សំបូរ