(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានលើកឡើងថា ទិវាមច្ឆជាតិ ជាព្រឹត្តិការណ៍ប្រលែងត្រីជាប្រពៃណី ទៅក្នុងដែនធម្មជាតិ ក្នុងគោលបំណងបង្កើនពូជត្រី ក្នុងធម្មជាតិ បំផុសគោលគំនិតអភិរក្សធនធានជលផល ខណៈរដូវបិទនេសាទ ជារដូវត្រីពងកូន ដែលត្រូវបញ្ឈប់សកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទ និងបង្កើនការចូលរួមអភិវឌ្ឍធនធានជលផល ជាពិសេសជំរុញសកម្មភាពវារីវប្បកម្មឱ្យកាន់តែធំ និងទូលំទូលាយផងដែរ ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំមានប្រសាសន៏បែបនេះក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រលែងកូនត្រីពូជចំរុះ៥ម៉ឺនក្បាល ចូលអាងស្ទឹងព្រៃប្រស់ ស្ថិតក្នុងភូមិព្រៃប្រស់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ ឆ្នាំ២០២៤នេះ នៅព្រឹកថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៤។ដោយមានកិច្ចសហការ ពីសំណាក់ អាជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ សហគមន៍ និងការជួយឧបត្ថម្ភគាំទ្រពីអង្គការ នានារួមមានៈ អង្គការ AFD , CI, ANKO, HURREDO, Fact, IIRR និងដៃគូពាក់ព័ន្ធមួយចំនួនទៀត ដែលតែងតែជួយឧបត្ថម្ភគាំទ្ររហូតមក។
ឯកឧត្តមអភិបាលខេត្តកំពង់ធំបានបន្តថា សម្រាប់កម្មវិធី លែងកូនត្រីនៅអាងស្ទឹងព្រៃប្រស់ក្នុងឱកាសនេះគឺចូលរួមផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងវិស័យជលផលឱ្យបានទូលំទូលាយ។ នឹងបំផុស ការអភិវឌ្ឍវាវីវប្បកម្ម ជំរុញការបង្កាត់ផ្លាស់ពូជត្រី ដើម្បីចែកជូន ប្រជាពលរដ្ឋចិញ្ចឹម និងការយកចិត្តទុកដាក់ជួយពង្រឹង ការច្នៃផ្នែកផលជលប្រកប ដោយគុណភាព (មានស្តង់ដារ)។
ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញ ត្រូវបន្តផ្សព្វផ្សាយច្បាប់ស្តីពីជលផលដើម្បីអោយប្រជាពលរដ្ឋយល់ដឹងកាន់តែសុីជម្រៅថែមទៀត ត្រូវបន្តបង្ក្រាបបទល្មើសជលផលដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវខិតខំពង្រឹងសមត្ថភាពដល់សហគមន៍នេសាទដែលបានបង្កើតឡើងរួចហើយឱ្យបានរឹងមាំ បង្កើតស្រះជម្រកត្រីសហគមន៍ ជំរុញបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេសាទ ឱ្យងាកមកធ្វើកសិកម្មចម្រុះបន្ថែមទៀត។ ត្រូវថែរក្សាបង្គោលព្រំប្រទល់ សកម្មភាពការពារគ្រប់គ្រងកន្លែងអភិរក្សជលផល ប្រកបដោយប្រសិទ្ធភាព។អាជ្ញាធរស្រុក ឃុំ ដែលមានព្រៃលិចទឹកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតបន្ថែមទៀត ចំពោះជនល្មើសបំផ្លាញព្រៃលិចទឹក និងការពារព្រៃលិចទឹកឱ្យបានគង់វង្ស ពីព្រោះព្រៃលិចទឹកមានសារៈសំខាន់បំផុតដល់ជីវិតមនុស្សនិងសត្វ។ ត្រូវបន្តដាំកូនឈើនៅព្រៃលិចទឹកឱ្យបានច្រើនលើដីត្រូវបានដកហូត ពី ការទន្ទ្រាន ដើម្បីស្ការព្រៃលិចទឹកឡើងវិញ ត្រូវស្វែងរកអង្គការដៃគូដើម្បីជួយដល់វិស័យជលផលបន្ថែមទៀត។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងអស់ ចូលរួមថែរក្សាការពារធនធានធម្មជាតិ ធនធានជលផល អនុផលព្រៃឈើ ជាពិសេសត្រូវចូលរួមចំណែកការពារបរិស្ថានតាមរយៈការថែក្សាអនាម័យនៅតាមលំនៅឋាន ទីកន្លែងសាធារណៈ និងស្នើរឱ្យប្អូនៗសិស្សានុសិស្សរក្សាអនាម័យ សំរាមដាក់ក្នុងធុងសំរាម ដើម្បីរក្សាសុខភាពរបស់ខ្លួនយើង និងជួយដល់បរិស្ថានជុំវិញខ្លួនយើងផងដែរ។
បើតាមរបាយការរបស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបង្ហាញថា ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានអោយដឹងថា កម្មវិធីប្រលែងកូនត្រីពូជនៅថ្នាក់ខេត្តនៅពេលនេះមានចំនួន៥០.០០០ក្បាល រួមមាន(កូនត្រីឆ្ពិននិងកាហែចំនួន៤៥.០០០ក្បាល ឮកូនត្រីប្រលូងចំនួន៥ .០០០ក្បាល និងត្រីមេពូជចំនួន១០០គីឡូក្រាម ស្ថិតនៅទីតាំងគល់ស្ពានថ្ម អាងស្ទឹងព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប៕