លោកអភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកទុកដាក់ខ្ពស់លើជំនន់ទឹកភ្លៀងនិង ទឹកស្ទឹងស្ទោង និងផលប៉ះពាល់

0

(កំពង់ធំ)÷ លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោកអភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងស្រែស្រូវរបស់ប្រជាកសិករដែលជនលិចដោយសារជំនួនទឹកភ្លៀងនិងជំនន់ទឹកស្ទោងនៅក្នុងភូមិសាស្ត្រឃុំម្សាក្រងស្រុកស្ទោង ខេត្តកំពង់ធំ នៅសៀលថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៤ កន្លងទៅនេះ។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានណែនាំបន្ថែមដល់អាជ្ញាធរភូមិ/ឃុំ និងជំនាញពាក់ព័ន្ធ ត្រូវធ្វើការតាមដានពីផលប៉ះពាល់ស្ថានភាពទឹកជំនន់ជាប្រចាំ និងរាយការណ៍ជាបន្ទាន់ទៅរដ្ឋបាលស្រុក ដើម្បីមានវិធានការជួយសង្គ្រោះក៏ដូចជាវិធានការទប់ទល់ និងកាយរំដោះទឹក ហើយធ្វើរបាយការណ៍បូកសរុប បានទាន់ពេលវេលា។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមេត្តាប្រុងប្រយ័ត្នកូនចៅ កុំបណ្ដោយឱ្យលេងទឹកឬទុកនៅផ្ទះដោយពុំមានមនុស្សចាស់នៅជាមួយ ដែលអាចជួបនូវហានិភ័យលង់ទឹកជាយថាហេតុ។ ជាពិសេសសិស្សានុសិស្សដែលនៅសងខាងស្ទឹងស្ទោង សូមលោកគ្រូអ្នកគ្រូ និងនាយក នាយិកា ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពពួកគាត់ ទាំងនៅក្នុងសាលារៀន និងពេលត្រឡប់ទៅគេហដ្ឋានវិញផងដែរ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានបញ្ជាក់ឱ្យដឹងថា ដោយសារស្ថានភាព ទឹកភ្លៀងនៅតែបន្តឥតឈប់ ជាពិសេសការភ្លៀងខ្លាំងនៅក្បាលស្ទឹងស្ទោងដែលធ្វើឱ្យនៅអាង៣០កញ្ញា និងបណ្ដោយស្ទឹងស្ទោងនៅតែបន្តហក់ឡើងជារៀងរាល់ថ្ងៃ ដែលហេតុនឹងបង្កឱ្យមានការជនលិចនៅតាមបណ្ដោយស្ទឹងនៅក្នុងភូមិសាស្ត្រឃុំម្សាក្រងបន្តទៅទៀត។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ ស្រុកស្ទោងទាំងមូលមានតែភូមិសាស្រ្ត ឃុំម្សាក្រង១ទេ ដែលរងផលប៉ះពាល់ខ្លាំងជាងគេដែលក្នុងនោះរួមមាន  ភូមិប្រគាប គោកទ្រា អូរដូង និងភូមិកំពង់ប្រដុំ ដែលសរុបស្រែស្រូវស្មើនឹង១១៨ហិចតា ត្រូវជា១២៦គ្រួសារ។ អត្ថបទដោយ វេហាស៍