ឯកឧត្តម អភិបាលខេត្ត បន្តចុះត្រួតពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុក២នៃខេត្តកំពង់ធំ

0

(កំពង់ធំ)៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ស្របពេលជំនន់ទឹកភ្លៀងនៅមានសន្ទុះកើនឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណអភិបាលខេត្តកំពង់ធំ នៅតែបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលស្ថានភាពតាមដងស្ទឹងសែន ដោយបង្កឱ្យរងផលប៉ះពាល់ដល់ដំណាំផ្សេងៗ ព្រមទាំងគេហដ្ឋាន, ហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះ ២០គ្រួសារ ក្នុងភូមិរកាជួរ និងភូមិទឹកវិល ឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ក្រោយពិនិត្យមើលស្ថានភាពជាក់ស្ដែង នៃជំនន់ទឹកភ្លៀងក្នុងស្រុកសណ្ដានរួចរាល់ ឯកឧត្តម អភិបាលខេត្ត បានចុះពិនិត្យក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរជាបន្ត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បាននាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ កាលពីម្សិលមិញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ផងដែរ។

ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ  ឯកឧត្តម អភិបាលខេត្ត ជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋរងគ្រោះ ស្ដាប់នូវបញ្ហាប្រឈម និងអំពាវនាវនូវការណែនាំមួយចំនួន សូមមានការប្រុងប្រយ័ត្ន សុវត្ថិភាព, សុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីជៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការពារសត្វអសិរពិស នានា កើតឡើងជាយថាហេតុ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ត្រូវថែរក្សាសុខភាពជាប្រចាំ មានអនាម័យក្នុងការរស់នៅបីប្រការគឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ជៀសវាងពីការឆ្លងជំងឺផ្សេងៗ។

គួរបញ្ជាក់ផងដែរថា កម្ពស់ទឹកតាមដងស្ទឹងសែននៅថ្ងៃនេះក្នុងស្ថានីយ៍ស្រុកសណ្ដាន់ មានកម្ពស់ ១៩.២២ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៨.៥០ម៉ែត្រ និងស្ថានីយស្ទឹងសែន មានកម្ពស់ទឹក ១៣.៧៥ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៣.៥០ម៉ែត្រ តាមការសន្និដ្ឋានកម្ពស់ទឹករយៈពេលបីថ្ងៃខាងមុខ នឹងនៅបន្តកើនឡើងបន្ថែមទៀត ដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។ អត្ថបទ និងរូបភាព ថុង ពលរិទ្ធី-ពិនិត្យដោយអ៊ុមញឹប។