អភិបាលខេត្តស្ទឹងត្រែង ដាស់តឿនអាជ្ញាធរមានសមត្ថកិច្ច រួមគ្នាបង្ក្រាបបទល្មើសនានា និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ

0

ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ដាស់តឿនរបស់ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានធ្វើឡើងក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្ទឹងត្រែង នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ពិធីនោះទៀត ក៏មានការចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត ,ប្រធានមន្ទីរព័ត៌មានខេត្ត, ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងស្ទឹងត្រែង ,គណៈអភិបាលក្រុងស្ទឹងត្រែង ចៅសង្កាត់ មន្ត្រីរាជការ និងកម្លាំងទាំង៣ ផងដែរ។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា​ បានក្រើនរំលឹកដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ត្រូវរួមគ្នាចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងចុះពិនិត្យជាក់ស្តែង លើទីតាំងណាដែលសង្ស័យមានបង្កប់លេងល្បែងស៊ីសង ដើម្បីធានាមិនឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ។

លោក សរ សុពុត្រា​ បានបញ្ជាក់ថា “ឥឡូវនេះទីតាំងយើងបានដឹងទាំងអស់គ្នាហើយថា នៅក្នុងខេត្តស្ទឹងត្រែងមាន ៤៩ទីតាំង នៃការដាក់ឲ្យមានលេងល្បែង មានល្បែងឆ្នោតផង Online ផង ជល់មាន់ធម្មតាផង ហើយការលេងជល់មាន់នេះ លេងជល់ធម្មតាដោយខ្លាចគេចាប់  ឥឡូវបែរជាមកជល់មាន់តាម Online ទៀត “។ លោកថា “ការលេងល្បែងនេះ ជាពិសេសល្បែង Online យើងលេងមិនឈ្នះកំព្យូទ័រទេ ហើយល្បែងតាមការស៊ីណូជាប្រភេទល្បែង ដែលគេយកលុយអ្នកមាន ប៉ុន្តែប្រភេទល្បែងលេងតាមផ្ទះ កន្ទុយលេខ ឆ្នោត ឡូតូ និងប្រភេទល្បែង Online នេះ វាធ្វើឲ្យមានភាពក្រីក្រនៅក្នុងគ្រួសារ” ទៅវិញទេ។

លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែងសង្កត់ធ្ងន់ថា ប្រសិនយើងមិនទប់ស្កាត់ករណីទាំងអស់នេះ (ល្បែងស៊ីសង ចោរកម្ម និងគ្រឿងញៀន) ឲ្យបានទាន់ពេលវេលាទេ នៅក្នុងសង្គមនេះនឹងសំបូរបែបទៅដោយចោរ អិញ្ចឹងងសូមមន្ត្រីឯកសណ្ឋានទាំងអស់ ដែលស្ថិតនៅក្រោមគណៈបញ្ជាការឯកភាព ត្រូវពង្រឹងឡើងវិញ។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានព្រមានចំពោះមន្ត្រី ដែលមានការពាក់ព័ន្ធទាំងអស់ ដោយឯកឧត្តអភិសន្តិបណ្ឌិត ស សុខា បានណែនាំរួចហើយ ត្រូវដកខ្លួន និងបញ្ឈប់ឲ្យទាន់ ប៉ុន្តែ ប្រសិនមិនព្រមឈប់ទេ ទោះជាស័ក្កិប៉ុណ្ណា តួនាទីប៉ុណ្ណា ក៏ខ្ញុំដកដែរ”។ លោកបន្តថា នៅទូទាំងខេត្តស្ទឹងត្រែង មានអាជីវកម្មឆ្នោតតែមួយទេ ដែលមានអាជ្ញាប័ណ្ណ ដូច្នេះអាជ្ញាប័ណ្ណនេះ នឹងផុតកំណត់នៅក្នុងឆ្នាំ២០២៦ ហើយអាជ្ញាប័ណ្ណរបស់ឆ្នោតនេះ ឲ្យអនុវត្តតែក្នុងដែនសមត្ថកិច្ចរបស់ក្រុងទេ ប្រសិនបើឃើញអាជ្ញាប័ណ្ណនេះ ទៅអនុវត្តនៅស្រុកផ្សេងៗ អាជ្ញាធរស្រុកត្រូវចាប់ឲ្យបាន៕ ដោយ៖ឡុង សំបូរ