(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការប្រគល់ថវិកាធានារ៉ាប់រងសង្គម ចំនួន ១៩០.៤០៨ .០០០រៀល ជូនក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន ២០គ្រួសារ និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ១៥គ្រួសារដែលមានជីវភាពលំបាកខ្វះខាត រស់នៅក្នុងខេត្តកំពង់ធំ ។ ដែលពិធីនេះប្រព្រឹត្តស្ថតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ លោកជា គឿនអនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងលោកជួន សិលាវុិតប្រធានមូលនិធិជំនួយសង្គមនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ។
លោក ជួន សិលាវិត បានជម្រាបជូនក្រុមគ្រួសារសពអតីតយុទ្ធជន ទាំងចំនួន ២០ ដែលត្រូវទទួលថវិកាធានារ៉ាប់រងសង្គមដែលបានរៀបចំឡើងដោយប្រមុខរាជរដ្ឋារាជរដ្ឋាភិបាលនៅពេលនេះថា របបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួសារសពនីមួយៗ ត្រូវទទួលបាននៅពេលនេះមានភាពខុសៗគ្នា ទៅតាមឋានន្តរសក្តិ មុខសញ្ញា នៃប្រភេទ ពិការ ឬសោធននិវត្ត ឬបាត់បង់សមត្ថភាព និងអតីតភាពការងាររបស់សពអតីតយុទ្ធជននីមួយៗ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ ចំពោះជាតិមាតុភូមិ និងប្រជាជន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជនទាំង នោះ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ហើយនៅក្នុងឱកាសនោះផងដែរឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ថា ក្រោមការយកចិត្តទុក ដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម លោកបានយកចិត្តទុកដាក់គ្រប់ បែបយ៉ាងពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេល វេលា ព្រោះបងប្អូនអតីតយុទ្ធជនបានចូលរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ ដែលធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ថវិកាធានារ៉ាប់រងសង្គម ដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងជាដើមទុនក្នុងការប្រកបមុខរបររកទទួលទានរបស់ក្រុមគ្រួសារសពអតីតយុទ្ធជន ដូច្នេះសំណូម ពរដល់គ្រួសារសពអតីតយុទ្ធជនយើង ត្រូវខិតខំប្រកបមុខរបររកទទួលទានចិញ្ចឹមជីវិត ដោយសុចរិតទៀងត្រង់ និងស្របតាមច្បាប់កំណត់ ។ ហើយនៅក្នុងឱកាសនេះដែរ ក៏បានប្រគល់នូវអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១៥គ្រួសារ ផ្សេងទៀត ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៉ីវចំនួនមួយយួរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ។ អត្ថបទដោយ វេហាស៍