ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង នឹងជួយបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងស្រុកឱ្យមានជីវភាពធូរធារថែមទៀត

0

ដោយ វេហាស៍

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣១ ខែកក្កដាឆ្នាំ ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ទំនប់ស្ទាក់ទឹក(ពាម ) ស្ថិតនៅក្នុងភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះលោក សាយ គឹមឡម បានឱ្យដឹងថាក្រោយពីទំនប់ស្ទាក់ទឹក(ពាម) សាងសង់រួចជាថាស្ថាពរ និងអាចស្តុកទឹកជួយស្រោចស្រព ស្រែស្រូវកសិករសម្រាប់ធ្វើស្រែបានពីររដូវដោយសុវត្ថិភាព ដែលអាចលាតសន្ធឹងនឹងគ្រប់ដណ្ដប់ ដីស្រែជាច្រើនពាន់ហិចតា លើឃុំចំនួន៦ ដូចជា ឃុំម្សាក្រង សំព្រោជ ប្រឡាយ កំពង់ចិនជើង កំពង់ចិនត្បូង និងឃុំទ្រា។ល។

លោកបានអភិបាលស្រុកស្ទោង បន្ថែមទៀតថា ទំនប់ស្ទាក់ទឹកស្ទឹងស្ទោងនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែង ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករនៅក្នុងស្រុកស្ទោងទាំងមូលឲ្យកាន់តែមានការរីកចម្រើន និងបានធូរធារមួយកម្រិតថែមទៀត។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក្នុងនាមគណៈអភិបាលនិងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ដែលបានគិតគូរយកចិត្តទុកដាក់សាងសង់សំណង់ទឹកដ៏ថ្លៃថ្លានេះដែលបានឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋនិងជួយបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងស្រុកទាំងមូលផងដែរ។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រង បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយក្រៃលែង ជាមួយនឹងសំណង់ដែលមិនអាចកាត់ថ្លៃបានមួយនេះ ហើយពួកគាត់សង្ឃឹមថា ចាប់ពីឆ្នាំនេះទៅពួកគាត់លែងខ្វះទឹកក្នុងការធ្វើស្រែទៀតហើយដែលគាត់សង្ឃឹមថានឹងជួយឲ្យសេដ្ឋកិច្ចព្រោះគាត់កាន់តែប្រសើរឡើង។

គួរបញ្ជាក់ផងដែរថា សំណង់ស្ទាក់ទឹកស្ទឹងស្ទោង (ពាម) នេះ គឺមានទំនប់បង្ហៀរទទឹងប្រវែង៣៥ម៉ែត្រ ទ្វារទឹកមួយដែលមានទទឹង៤ម៉ែត្រ និងមានសំណង់ស្ថាបត្យករជាច្រើនទៀត។