ប្រធានគណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែង ប្រកាសចាត់វិធានការផ្លូវច្បាប់ ចំពោះអាជីវករណានៅតែបន្តជួញដូរសាច់សត្វព្រៃ និងបើកភ្នាល់ល្បែងស៊ីសងគ្រប់រូបភាព ដោយខុសច្បាប់!

0

ខេត្តស្ទឹងត្រែង៖ ប្រធានគណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែង លោក សឹង មុន្នីរ័ត្ន បានប្រកាសចាត់វិធានការផ្លូវច្បាប់ ចំពោះអាជីវករណាដែលនៅតែបន្តនាំយកសាច់សត្វព្រៃ សាច់សត្វខុសច្បាប់ មកលក់ ​និងបើកល្បែងស៊ីសង ឬ ល្បែងភ្នាល់គ្រប់រូបភាព ដោយខុសច្បាប់ នៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង។

ការប្រកាសចាត់វិធានការតាមផ្លូវច្បាប់នោះ បន្ទាប់ពី លោក សឹង មុន្នីរ័ត្ន ប្រធានគណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែង ​និងលោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង រួមទាំងនាយផ្នែក និងនាយសង្កាត់រដ្ឋបាលព្រៃឈើក្នុងខេត្ត បានជួបប្រជុំរួមគ្នា នាថ្ងៃទី២៩កក្កដា២០២៤ កន្លងទៅនេះ ដោយក្នុងនោះ ក៏បានកោះហៅក្រុមអាជីវករលក់សាច់សត្វព្រៃ សាច់សត្វខុសច្បាប់ និងអ្នកភ្នាល់ល្បែងស៊ីសង នៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង មកធ្វើការណែនាំ ផងដែរ។

ប្រធានគណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែង លោក សឹង មុន្នីរ័ត្ន បានប្រកាសជូនដំណឹង ដល់ពុកម៉ែ បងប្អូនអាជីវករសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែងឱ្យបានដឹងជាមុន ព្រោះត្បិតនៅរយៈកាលកន្លងមក លោកបានសង្កេតឃើញ មានលក់សាច់សត្វព្រៃ សាច់សត្វខុសច្បាប់ ព្រមទាំងមានការបើកល្បែងស៊ីសង ឬ ល្បែងភ្នាល់គ្រប់រូបភាព តាមទីតាំងមួយចំនួនក្នុងផ្សារសាមគ្គីស្ទឹងត្រែង។

លោក សឹង មុន្នីរ័ត្ន បានបញ្ជាក់ថា ការលក់សាច់ព្រៃ និងសាច់សត្វខុសច្បាប់ បានបង្កឱ្យមានការបាត់បង់ធនធានធម្មជាតិ ពូជសត្វកម្រដែលច្បាប់បានហាមឃាត់ ហើយបណ្តាលឱ្យផ្សារសាមគ្គី ក្លាយជាផ្សារលក់សត្វព្រៃ និងសាច់សត្វដោយខុសច្បាប់ ,ល្បែងស៊ីសង ឬ ល្បែងភ្នាល់តាមគ្រប់រូបភាព បណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោក សឹង មុន្នីរ័ត្ន បានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងករណីបងប្អូនអាជីវករ ឬ ប្រជាពលរដ្ឋ នៅតែប្រព្រឹត្តដាក់តាំងលក់សាច់សត្វដោយខុសច្បាប់ ល្បែងស៊ីសង ឬល្បែងភ្នាល់នោះទៀត នោះគណៈអាជីវករផ្សារនឹងធ្វើការឃាត់ទុក ហើយមានចំណាត់ការតាមច្បាប់ជាធរមាន៕ ដោយ៖ឡុង សំបូរ