(ខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយបានគូសបញ្ជាក់ អំពីតួនាទី និងភារកិច្ច ចំបងរបស់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ការចូលរួមសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងសហការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសាមគ្គី ឯកភាពគ្នាល្អ ក្នុងការបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវ និងទទួលបានជោគជ័យ ពិសេសការចូលរួមសហការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងរយៈពេលថ្មីៗកន្លងទៅនេះទទួលបានលទ្ឋផលល្អប្រសើរ គួរជាទីមោទនៈ ។
លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានណែនាំ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជួនដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺបន្តសកម្មភាពសហការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព និងត្រូវត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងរដូវវស្សានេះ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
អត្ថបទនិងរូបភាពដោយ លោកឈួនឆេងមួន