លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានថ្លែងថា មានតែកត្តាសាមគ្គីភាពឯកភាពផ្ទៃក្នុង តែប៉ុណ្ណោះ ទើបធ្វើឱ្យយើងជម្នះបានរាល់ឧបសគ្គ និងសម្រេចការងារបានជោគជ័យ

0

ដោយ វេហាស៍

(កំពង់ធំ)÷ បន្ទាប់ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាល បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការនគរបាលខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានថ្លែងថា ថ្ងៃនេះលោកមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានជួបផ្ទាល់ ដើម្បីសាកសួរសុខទុក្ខ សុខុមាលភាព ការអនុវត្តតួនាទី/ភារកិច្ច របស់បងប្អូនកងកម្លាំងតាមបណ្តាការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុកនាឱកាសនេះ។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណរអរគុណ ដល់ថ្នាក់ដឹកនាំ និងរៀមច្បងស្នងការមុនៗ ដែលបានបន្សល់ទុកនូវសមិទ្ធផល ស្នាដៃជាច្រើនសម្រាប់អង្គភាព ស្នងការដ្ឋានរបស់យើង ហើយសមិទ្ធផលនេះដែរ គឺកើត
ឡើងពីកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបងប្អូនកម្លាំងទាំងអស់ សមិទ្ធផល និងស្នាដៃវិសេសវិសាលខាងលើនេះកើតចេញពីសាមគ្គីភាពផ្ទៃក្នុង របស់បងប្អូនរួមគ្នាជាធ្លុំមួយមាន ឆន្ទ: មុះមុត ធ្វើការងារ មានភាពស្មោះត្រង់ទៅវិញទៅមក នឹងមានការទទួលខុសត្រូវខ្ពស់លើការងារដែលថ្នាក់ដឹកនាំប្រគល់ជូនទើបឈានទៅសម្រេចបានលទ្ធផលជាបន្តបន្ទាប់។

សូមបន្តថែរក្សាវប្បធម៌សាមគ្គីភាព  ដើម្បីកសាងនូវសមិទ្ធផលថ្មីៗ បន្ថែមទៀតជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ របស់យើង។ លោកសង្ឃឹមថាថ្នាក់ដឹកនាំ និងបងប្អូនកងកម្លាំងយើងទាំងអស់ចូលរួមពិភាក្សា
ផ្លាស់ប្តូយោបល់ ចែករំលែកបទពិសោធន៍ ការងារល្អៗ ជូនគ្នាទៅវិញទៅមកដើម្បីបន្តនិរន្តរភាព ក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយបញ្ហាអសកម្មនានាក្នុងអង្គភាព ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យ បន្ថែមទៀត តាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ និងយន្តការ កំណែទម្រង់របស់ក្រសួងមហាផ្ទៃ  រាជរដ្ឋាភិបាលនីតិកាលទី៧ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានផ្ញើ ដល់អស់លោក លោកស្រី មន្ត្រីនគរបាលគ្រប់រូប បើមានក្ដីកង្វល់ បញ្ហាប្រឈម សូមបងប្អូន ទំនាក់ទំនង រាយការណ៍ មកថ្នាក់ដឹកនាំ អង្គភាព ដើម្បីប្រធានអង្គភាព មានមូលដ្ឋានដោះស្រាយ ជូនបងប្អូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។