តាកែវ៖ នៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ រួមជាមួយលោកស្នងការរង និងការិយាល័យជំនាញ បានចុះសួរសុខទុកលោកវរសេនីយ៍ត្រី ស សុវណ្ណារ៉ា ជានាយផ្នែករដ្ឋបាលនៃការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជារ ដែលជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសបាក់ឆ្អឹងដងកាំបិត កាលពីយប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដតាកែវ ។ ថ្លែងក្នុងឱកាសចុះសួរសុខទុកដល់មន្ត្រីនគរបាលនៅក្រោមឱវាទ នាពេលនោះលោកឧត្តមសេនីយ៍ទោ ម៉ែន លី បានធ្វើការផ្ដាំផ្ញើដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ ខិតខំមើលថែសុខភាព ដើម្បីឆាប់បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ ពិសេសនៅពេលបើកបរម៉ូតូឬរថយន្ដត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះថាគ្រោះថ្នាក់យើងមើលមិនឃើញនោះទេ ហើយក៏គ្មាននរណាម្នាក់ចង់អោយកើតមានឡើងដែរ ។ ជាមួយនឹងការចុះសួរសុខទុកនេះដែរ លោកស្នងការក៏បាននាំយកថវិកាចំនួន ២លានរៀល ទឹកបរិសុទ្ធ ២កេស ទឹកផ្លែឈើ ២កេស និងទឹកដោះគោឆៅ២ឡូរ ជូនដល់មន្ត្រីនគរបាលដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
ក្រោយទទួលបានអំណោយពីលោកស្នងការ ក្រុមគ្រួសាររបស់លោកវរសេនីយ៍ត្រី ស សុវណ្ណារ៉ា ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និងមានអារម្មណ៍យ៉ាងកក់ក្ដៅបំផុតចំពោះទឹកចិត្តរបស់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ រួមជាមួុយលោកស្នងការរង និងការិយាល័យជំនាញ ដែលបានចុះសួរសុខទុកដល់រូបលោក ដែលសកម្មភាពនេះ បានធ្វើអោយរូបលោកមានកំលាំងចិត្ត នឹងមានអារម្មណ៍កក់ក្ដៅបំផុត និងសូមគោរពជូនពរដល់លោកស្នងការ រួមជាមួយក្រុមការងារ មានសុខភាពល្អ និងបន្តរដឹកនាំការងារនៅក្នុងអង្គភាពអោយកាន់តែមានភាពរីកចម្រើនតទៅមុខ ៕