ខេត្តព្រះវិហារ៖ យោធិនជាង ៨០នាក់ មកពីបណ្តាអង្គភាពចំណុះរបស់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ទទួលបានការហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើជើង យោធារួម អប់រំចិត្តសាស្ត្រ ហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង សម្រាប់ឆ្នាំ២០២៤ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធ ការពារបូរណភាពទឹកដី និងពង្រឹងវិស័យការពារជាតិ ឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល ដោយមានការយកចិត្តទុកដាក់ ពីក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក លើការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ។
វគ្គហ្វឹកហ្វឺននេះបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរង យោធភូមិភាគទី៤ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ តំណាង លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលមានការចូលរួមពី លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ-នាយផ្នែក មេបញ្ជាការក្រុង-ស្រុកទាំង៨ វរសេនាតូចទាំងពីរ គ្រូយោធាចារ្យ និងសិក្ខាកាម សរុប ១០៥នាក់ នៅវរសេនាតូចលេខ១ ចាស់ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា វគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន និងហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង យុទ្ធវិធីថ្មើជើង ថ្នាក់ពួក ក្រុម កងអនុសេនាតូច ឆ្នាំ២០២៤ នៅពេលនេះ មានរយៈពេល ៩១ថ្ងៃ ដោយចាប់គិតពីថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបត្រូវបានបិទបញ្ចប់ ដោយមានការចូលរួមពី គណៈកម្មាការគ្រប់គ្រងវគ្គ ១១នាក់ គ្រូយោធាចារ្យ ៩នាក់ និងសិក្ខាកាម ៨៥នាក់ សរុប ១០៥នាក់។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចជាកាល សម្តេចបានយកចិត្តទុកដាក់ ដោះស្រាយរាល់ការលំបាក ខ្វះខាត ជូនដល់កងយោធពលខេមរភូមិន្ទ និងចាត់ទុកវិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ក្នុងការងារការពារជាតិ សន្តិសុខ សុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ទៀតថា ដើម្បីពង្រឹងលើវិស័យការពារជាតិ សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុត ដល់ការងារហ្វឹកហ្វឺនកងទ័ពគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ ជាពិសេសសម្តេចបានផ្តល់ថវិកាម្នាក់ ៣ពាន់រៀលក្នុងមួយថ្ងៃ ដើម្បីដំណើរការហ្វឹកហ្វឺន ធានាបាននូវគុណភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធ ការពារបូរណភាពទឹកដី ដោយមានការយកចិត្តទុកដាក់ ពីក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក លើការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ ក៏មានការជួយទំនុកបំរុង និងដឹកនាំដោយផ្ទាល់របស់ លោក អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការជួយផ្គត់ផ្គង់រាល់ការងារ ចលនុប្បត្ថម្ភពីសំណាក់ នាយកដ្ឋានភស្តុភារ ប្រចាំការជួរមុខ និងសប្បុរសជនផងដែរ ទើបអង្គភាពចាត់តាំងអនុវត្តន៍ ការងារហ្វឹកហ្វឺនទទួលបានគួរជាទីមោទនៈ។
មេបញ្ជាការរងយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ លៀង ឡេង បានថ្លែង កោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ដែលថ្នាក់លើប្រគល់ជូននាពេលកន្លងមក និងលោកឧត្តមសេនីយ៍ បានផ្ដាំផ្ញើរដល់យោធាចារ្យ ត្រូវខិតខំបង្ហាត់បង្រៀនសិក្ខាកាមឱ្យបានហ្មត់ចត់ ទៅតាមឯកសារដែលបានគ្រោងទុក។ ចំណែក សិក្ខាមទាំងអស់ ក៏ត្រូវខិតខំយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ នូវខ្លឹមសារមេរៀន ដែលគ្រូបានឧទ្ទេសនាម ទាំងខ្លឹមសារ ទ្រឹស្តី និងការអនុវត្តន៍ ត្រូវខិតខំហ្វឹកហាត់ លត់ដំគ្រប់ស្ថានភាព មិនថាស្ថិតក្នុងកាលៈទេសៈណានោះទេ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងវគ្គ និងត្រូវសហការឱ្យបានល្អ រវាងកម្មសិក្សាការីដូចគ្នា និងគណៈកម្មការគ្រប់គ្រងវគ្គ ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងសាលាឱ្យបានម៉ឹងម៉ាត់ មានសីលធម៌ គុណធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបានជោគជ័យ ក្នុងវគ្គហ្វឹកហ្វឺនដែលមានរយៈពេល ៩១ថ្ងៃនេះ។
លោកឧត្តមសេនីយ៍ទោ លៀង ឡេង បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ត្រូវរស់នៅឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះត្បិតការសេព ការប្រើប្រាស់ ចែកចាយ និងការជួយដូរគ្រឿងញៀន ជាទង្វើផ្ទុយពីច្បាប់ និងវាបានបំផ្លាញអនាគតដ៏ល្អរបស់យើង ដូច្នេះ មិនត្រូវពាក់ព័ន្ធជាមួយគ្រឿងញៀនជាដាច់ខាត៕ដោយ៖ឡុង សំបូរ