កំពង់ស្ពឺ ៖ ឈើប្រណិតប្រភេទធុង និងនាងនួន កំពុងមានតម្លៃខ្ពស់ក្នុងទីផ្សារងងឹតនោះ ត្រូវបានក្រុមឈ្មួញឃុបឃិតជាមួយ មន្ត្រីជំនាញបរិស្ថាន បានលួច ចូលធ្វើសកម្មភាព កាប់បំផ្លាញព្រៃយ៉ាងរង្គាល ស្ថិតក្នុងតំបន់ការពារសត្វព្រៃ ប៉ុន្តែមិនត្រូវបានបង្ក្រាប ឬទប់ស្កាត់ដោយមន្ត្រីទាំង
នោះឡើយ ។សកម្មភាព កាប់បំផ្លាញឈើប្រណិតទាំងនោះ កើតមានក្នុងតំបន់ជួរភ្នំក្រវ៉ាញ ក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ បន្ទាប់មកត្រូវបានដឹកជញ្ជូន តាមរទេះគោ និងក្របីតាមច្រកអំពិល ចុះមកកាន់តំបន់អូរត្រាវចូលទឹកដី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់់ ខេត្តកំពង់ស្ពឺ យ៉ាងអាណាធិប្បតេយ្យ ព្រោះមន្ត្រីបរិស្ថានដែលឈរជើងត្រង់ចំណុចអូរត្រាវនោះបើកភ្លើងខៀវ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា រទេះដឹកជញ្ជូនឈើប្រណិតចេញពីតំបន់ជួរភ្នំក្រវ៉ាញ ក្នុងមួយថ្ងៃៗមិនតិចជាង២០ទៅ៣០រតេះឡើយ បានឆ្លងកាត់ស្នាក់ការត្រួតពិនិត្យ មន្ត្រីបរិស្ថាន ដែនជំរកសត្វព្រៃ ភ្នំឱរ៉ាល់ ខេត្តពោធិសាត់ ដែលគ្រប់គ្រងដោយ លោកភួង ស្រៀវ ប្រធានក្រុមល្បាតចល័ត ប្រចាំតំបន់អូរត្រាវ និង ជាមន្ត្រីបរិស្ថាន ការពារដែនជំរកសត្វព្រៃ និងជាកូនចៅយ៉ាងជំនិតរបស់លោកប៉ាន់ មរកត នាយកដែនជំរកតែម្តង ។
ប្រភពបានបន្តថា ដែលដឹកជញ្ជូនឈើចុះពីលើភ្នំបាន ត្រូវឆ្លងកាត់ទំនាក់ទំនង មន្ត្រីបរិស្ថាន ប្រចាំច្រកអូរត្រាវនោះសិន ទើបអាចចូលដល់ទឹកដី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ប្រភពបន្តថា ថៅកែរកស៊ីឈើធំៗ បានបោះលុយទៅឱ្យក្រុមអ្នកឡើងភ្នំ ដើម្បីរកប្រមូលទិញឈើក្នុងម្នាក់ៗអស់រាប់សែនដុល្លា ហើយឈើដែលដឹកចេញពីលើភ្នំ ចុះមកដល់ចំណុចអូត្រាវហើយ ថៅកែចាំទទួលនឹងធានាចំពោះសមកិច្ច គ្រប់ស្ថាប័នជំនាញ ក្នុងខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីបរិស្ថាន ដែនជំរកសត្វព្រៃ ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺផងដែរ ។
ប្រភពពីអ្នកដើរប្រមូលទិញឈើឱ្យថៅកែធំៗម្នាក់ បានបង្ហើបប្រាប់ថា ពួកគាត់ត្រូវឡើងភ្នំជាច្រើនជាន់ ក្នុងតំបន់ជួរភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ដើម្បីដាក់កំលាំងកម្មករស៊ីឈ្នួលអាឈើធ្នុង និងនាងនួន លក់ឱ្យគាត់ក្នុងតម្លៃមួយម៉ែតគូប ចាប់ពី៥០០ ដុល្លា ទៅ ៨០០ ដុល្លា ទៅតាមទំហំមុខកាត់ឈើ ហើយត្រូវជួលរទេះគោ ក្របីដឹកចុះតាមច្រកអំពិលឆ្លងកាត់ និងស្នាក់ការមន្ត្រីបរិស្ថាន ដែនជំរកសត្វព្រៃ ភ្នំឱរ៉ាល់ ខេត្តពោធិសាត់ ចំណុចអូត្រាវ ត្រូវបង់លុយក្នុងមួយរទេះ ៣០ម៉ឺនរៀលទៀត ។
ប្រភពបន្តថា ពេលឈើចុះតំបន់អូរត្រាវនេះ ថៅកែធំៗចេញមុខកាងយករថយន្តចូលដឹកចេញបន្តទៅកាន់ទីផ្សាររៀងៗខ្លួន ។សូមបញ្ជាក់ថា ថៅកែឈើធំៗ ដែលកំពុងតែសំរុកប្រមូលទិញឈើប្រណិតប្រភេទធ្នុង និងនាងនួន ដឹកចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិសាត់ឆ្លងកាត់ ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពងើស្ពឺសព្វថ្ងៃនេះ គឺសុទ្ធតែជាអ្នកមានអំ ធ្វើជាមន្ត្រីប៉េអឹម និងមន្ត្រីយោធាពាក់សក្កិធំ និងខ្នងបង្អែកក្រាស់ៗណាស់ ។ លោកភួង ស្រៀវ មន្ត្រីបរិស្ថាន និង ជាប្រធានក្រុមចល័ត ប្រចាំការនៅស្នាក់ការបរិស្ថាន តំបន់អូរត្រាវ មិនអាចសុំការបំភ្លឺបានឡើយ ព្រោះទូរស័ព្ទមិនអាចភ្ជាប់ទំនាក់ទំនងបាន ។
ដោយឡែកលោកប៉ាន់ មរកត នាយកដែន ជំរកសត្វព្រៃ ភ្នំឱរ៉ាល់ ខេត្តពោធិសាត់លោកកយ៉ង់ ភារម្យ នាយកដែនជំរក សត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកយកព័ត៌ព្យាយាមសុំការបំភ្លឺប៉ុន្តែអ្នកលើកទូរស័ព្ទប្រាប់ថា មិនមែនទេលោកច្រឡំលេខហើយរួចក៍បិទទូរស័ព្ទតែម្តង ។ សូមបញ្ជាក់ថា តំបន់ការពារដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ គ្រប់ដណ្តប់លើផ្ទៃដីរាប់ម៉ឺនហិចតា មានខេត្តកំពង់ស្ពឺ ពោធិសាត់ និង កំពង់ឆ្នាំង ហើយមានសត្វព្រៃគ្រប់ប្រភេទរស់នៅក្នុងតំបន់នោះស្ទើដាច់ពូជ ៕