ឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្តមសេនីយ៍ គន់ គីម ប្រកាសសមាសភាពប្រធានកិត្តិយស និងអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា

0

ខេត្តកំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងប្រធានកិត្តិយស និងអនុប្រធាន ២​រូប នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលទើបមកបំពេញភារកិច្ចថ្មី នៅខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ទជនកម្ពុជា សម្រេចបាននាពេលកន្លងទៅ មានជាអាទិ៍ ការសាងសង់ផ្ទះជូនអតីតយុទ្ទជន នាពេលកន្លងទៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន  សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា  បានចំនួន៣៨៧ខ្នងផ្ទះ ក្នុងនោះមាន១៤១ខ្នងផ្ទះ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោ បានផ្តល់ជូន១គ្រូសារមានផ្ទៃដី១ហិកតាកន្លះ និងចំនួន២៤៦ខ្នងផ្ទះទៀត នៅតាមមូលដ្ឋាននានា ក្នុងខេត្ត​កំពង់ធំ ។ ក្រៅពីនោះ បានប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន ដែលទទួលមរណភាព ក្នុងរយៈពេល​កន្លងទៅ បានទាន់ពេលវេលា និងបានរួមសហការជាមួយមន្ទីរសង្គ​មកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា​ខេត្តកំពង់ធំ ក្នុងការប្រគល់ប្រាក់ធានារ៉ាប់រងសង្គ​ម ជូនក្រុមគ្រួសារសពអតីតយុទ្ទជននៅក្នុងខេត្តកំពង់ធំ  និង​បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ដម្ភស្បៀងអារហារ​គ្រឿងឧបភោគបរិភោគ  ដែល​ជាអំណយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ជូនដល់បងប្អូនអតីតយុទ្ទជន ដែលមានជីភាពលំ​បាកខ្ខះខាតនៅក្នុងខេត្តកំពង់ធំ ដោយ​បាន​បង្កភាពកក់ក្តៅ ជូនបងប្អូនអតីតយុទ្ធជនយើង ។​

ឯកឧត្តមទេសរដ្ឋមន្រ្តី​នាយឧត្តមសេនីយ៍ គន់ គីម បានប្រគល់សេចក្តីសម្រេចចិត្ត​ និងប្រកាសតែងតាំងឯកឧត្តម នួន ផារ័ត្ន  អភិបាលខេត្ត ជាប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ និងអនុប្រធានគណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ  ចំនួន២រូប គឺឧត្តមសេនីយ៍ត្រី ហេង សុផលស្នងការនគរបាលខេត្ត​ និងលោក ជួន សិលាវិត ប្រធាន​មូលនិធិ​ជំនួយ​សង្គម​ នៃមន្ទីរ​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​ខេត្ត​កំពង់​ធំ​  ។​

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធាន​កិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្តកំពង់ធំ  បានឡើងប្តេជ្ញាចិត្តបន្តការអនុវត្ត ក្នុងការគាំទ្រការដោះស្រាយជីវភាព  ជូនបងប្អូនអតីតយុទ្ជ ដែលជួបការលំបាកខ្វះខាត និងការមើលថែទាំបងប្អូនអតីតយុទ្ធជន នៅទូទាំងខេត្តកំពង់ធំ ឲ្យបានល្អប្រសើរ ។​

ឯកឧត្តម​ទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះ គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ ពិសេសឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ  ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការដោះស្រាយការលំបាកខ្វះខាត បម្រើអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ  បានយ៉ាងល្អប្រសើរ​។​  ជាមួយ​នេះ​ដែរ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​នាយឧត្តមសេនីយ៍ គន់ គីម បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់ប្រធានកិត្តិយស និងគណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ  ត្រូវបន្តបម្រើបងប្អូនអតីតយុទ្ធជនរបស់យើង ទាំងការដោះស្រាយបញ្ហាដីធ្លី ផ្ទះសម្បែង  និងការដោះស្រាយប័ណ្ណសមធម៌ និងប័ណ្ណគ្រួសារងាយរងហានិភ័យ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ ដើម្បីបានទៅពិនិត្យព្យាបាលជម្ងឺនៅតាមមន្ទីពេទ្យរដ្ឋនានា​ ដែល​រាជរដ្ឋាភិបាល​ជាអ្នកចំណាយថវិកាសងថ្លៃព្យាបាល​ជំងឺ​ជូន​ ។​អត្ថបទ ដោយអ៊ុមញឹប