រទេះរុញចំនួន១០៨ បានផ្តល់ជូនមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្ត

0

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរួមនឹងក្រុមការងារបានផ្តល់រទេះរុញចំនួន១០៨ ជូនដល់មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្តដើម្បីចូលរួមធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថា រទេះរុញដែលបានផ្តល់ជូននេះ នឹងធ្វើឱ្យមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពមានសម្ភារៈបន្ថែមដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ជាពិសេស ជួយសម្រួលសម្រាប់អ្នកជំងឺដែលមានពិការភាព និងពិបាកធ្វើដំណើរ។

ឯកឧត្តមបន្តថា នេះជាលើកទី៣ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងក្រុមការងារបានប្រគល់ជូនរទេះរុញជូនដល់មន្ទីរសុខាភិបាលខេត្តក្រចេះសរុប ១៦៨ រទេះ ដើម្បីចែកដល់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងនៅពេលនេះបាន ចែកដល់មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពទាំងអស់នៅក្នុងខេត្ត។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថារទេះរុញនេះនឹងធ្វើឱ្យមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពក្នុងខេត្តក្រចេះទទួលបានពិន្ទុបន្ថែមទៀតលើ ការផ្តល់សេវាជូនដល់អ្នកជំងឺជាពិសេសសម្រាប់ជនពិការភាព។

សូមបញ្ជាក់ថា តាមរយៈសកម្មភាពនេះបានបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរួមនឹងថ្នាក់ដឹកនាំខេត្តក្រចេះចំពោះវិស័យសុខាភិបាល និងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ៕