ខេត្តតាកែវ ប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះម្នាក់ដេកសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាមនៅក្បែរមាត់ស្រះទឹកមុខវត្តក្រាងអណ្តែត ហៅវត្តមាលិច ស្ថិតក្នុងភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ កាលពីវេលាម៉ោង ៤.១០នាទី ព្រឹក ថ្ងៃទី ២៤.១០.២០១៤ ។ យោងតាមការអោយ
ដឹងពីលោក មឿង សារុន អធិការនគរបាលស្រុកសំរោង បានអោយដឹងថា៖ ប្រជាពលរដ្ឋគាត់ជាអ្នកចងសន្ទូចពេលគាត់ដើរទៅមើលសន្ទូចរបស់គាត់ កាលពីវេលាម៉ោងខាងលើ ស្រាប់តែបានជួបប្រទះជនរងគ្រោះម្នាក់ កំពុងតែដេកសន្លប់ស្តូកស្តឹង ក្នុងថ្លុក ឈាមក្បែរមាត់ស្រះទឹក
ខណៈពេលនោះគាត់ក៏រត់ឆោឡោប្រាប់គេឯងបន្ទាប់មកគាត់ក៏បានរាយការណ៍ប្រាប់ ទៅសមត្ថកិច្ចមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល អោយត្រួតពិនិត្យ ជនរងគ្រោះនាពេលនោះ តែការត្រួតពិនិត្យរបស់ មន្ត្រីនគរបាលជំនាញបានអោយដឹងថា ៖ នៅលើក្បាលជនរងគ្រោះមានឃើញតែស្លាកស្នាម ជនមិនស្គាល់មុខ បានវាយសំពងស្ទើរបែកលលាដ៍ក្បាលទៅហើយ ចំណែកជនរងគ្រោះរូបនេះនៅសល់តែដង្ហើមចង្រឹត តែប៉ុណ្ណោះ ។
មន្ត្រីនគរបាលជំនាញបានអះអាងថា ៖ ជនរងគ្រោះរូបនេះភេទប្រុស អាយុជាង៣០ឆ្នាំ ពាកអាវយឺតពណ៏ស ខោរពណ៏ខ្មៅជើងវែង រីឯក្បាលត្រងោល ហើយមិនមានអ្វីសំគាល់អោយដឹងថា ជនរងគ្រោះខាងលើមានឈ្មោះអ្វីនោះទេ ហើយមានទីលំនៅទីណានោះដែរ តែទោះបីជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ
បានអោយមន្ត្រីនគរបាលខេត្តតាកែវ យករថយន្តសង្គ្រោះ របស់ស្នងការរដ្ឋានទៅដឹកជនរងគ្រោះរូបនោះ ជាបន្ទាន់យកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ភ្លាមៗ ទាក់ទិនក្នុងករណីនេះមន្ត្រីនគរបាលជំនាញ បន្តធ្វើការស៊ីបអង្កេតរុករកមុខសញ្ញាជនដៃដល់ ដែលបានប្រព្រឹត្តនោះអោយបានឆាប់ៗ នាពេលខាងមុខនេះ ៕