ខេត្តស្ទឹងត្រែង៖ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បានប្រកាសដកហូតដីព្រៃ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ “គិរីសុខសាន្ត” និងសហគមន៍តំបន់ការពារធម្មជាតិ “អន្លង់ជ្រៃ” ដែលរងការកាប់ទន្ទ្រានព្រៃឈើ វាទយកដីរដ្ឋជាកម្មសិទ្ធិល្មើសច្បាប់ និងបានដាក់ឱសានវាទ ដល់សាធារណៈជន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការចូលរស់នៅ កាន់កាប់ ព្រមទាំងរុះរើ ចាកចេញឱ្យបានត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ជាកំហិត។
ការប្រកាសដាក់ឱសានវាទដល់ជនខិលខូច និងអ្នកពាក់ព័ន្ធក្នុងបទល្មើសកាប់រុករាន ទន្ទ្រានយកដីព្រៃរដ្ឋនោះ បានធ្វើឡើងក្នុងសេចក្តីជូនដំណឹងរបស់ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។
ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បានឱ្យដឹងថា ដីព្រៃដែលត្រូវដកហូតយកមកទុកជាសប្បត្តិរដ្ឋវិញនោះ គឺជាដីព្រៃដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ចំនួន២កន្លែង ដែលត្រូវបានក្រុមជនខិលខូចចូលកាប់ទន្ទ្រាន គឺសហគមន៍តំបន់ការពារធម្មជាតិគិរី “សុខសាន្ត” និងសហគមន៍តំបន់ការពារធម្មជាតិ “អន្លង់ជ្រៃ” ស្ថិតក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា កាលពីថ្ងៃទី៦សីហា២០២៤ នៅមន្ទីរបរិស្ថានខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវដកខ្លួនចេញជាបន្ទាន់ ពីការកាប់ទន្ទ្រានដីព្រៃរដ្ឋយកធ្វើជាកម្មសិទ្ធិ តាមគ្រប់រូបភាព ដូចជា ខ្វះដីសង់ផ្ទះ ខ្វះដីធ្វើស្រែ និងចម្ការ ជាដើម ប្រសិនបើមិនបញ្ឈប់សកម្មភាពទាំងនេះទេ អ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធទាំងនោះ នឹងត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកដាក់ទោស តាមច្បាប់រដ្ឋជាធរមាន ។
លោកអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ចំពោះជននៅពីក្រោយខ្នងប្រជាពលរដ្ឋទាំងនោះ លោកបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ច សហការជាមួយព្រះរាជអាជ្ញាខេត្ត តាមវែកមុខជនទាំងនោះ ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា មិនឲ្យរួចខ្លួននោះទេ ។
ដោយឡែក នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ប៉ាន់ខែម ប៊ុនថន នៅក្នុងបេសកកម្មដឹកនាំក្រុមការងារថ្នាក់ជាតិ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅពេលថ្មីៗកន្លងទៅនេះ បានធ្វើការបង្ក្រាប ចាប់ខ្លួនមេក្លោងដីធ្លីជាច្រើននាក់ ពាក់ព័ន្ធការកាប់ទន្ទ្រានព្រៃឈើ វាទយកដីរដ្ឋជាកម្មសិទ្ធិ បញ្ជូនទៅតុលាការ និងដាក់ពន្ធនាគារ ព្រមទាំងបានដកហូតដីព្រៃជិត ២ម៉ឺនហិកតា យកមកទុកជាសម្បត្តិរដ្ឋវិញ ផងដែរ។
នាយករងខុទ្ទការល័យ សម្តេចនាយករដ្ឋមន្ត្រី លោក ប៉ានខែម ប៊ុនថន រួមទាំងអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានប្តេជ្ញារួមគ្នា ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយធ្វើឡើងដូចភ្លៀងរលឹម និងបន្តវែកមុខរកជននៅពីក្រោយខ្នង នៃការកាប់ទន្ទ្រានព្រៃឈើ វាទយកដីជាកម្មសិទ្ធិដោយខុសច្បាប់នោះ នាំខ្លួនមកមកផ្តន្ទាទោសតាមច្បាប់កំណត់ ដោយគ្មានការលើកលែងជាដាច់ខាត។
យោងតាមច្បាប់ស្តីពីព្រៃឈើ បានចែងថា ការកាប់គាស់ ការរុករានដីព្រៃ ឬឆ្ការ ដុត ឬឈូសឆាយដីព្រៃ យកមកធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ តាមជំពូក៣ មាត្រា៨៥១ ត្រូវផ្តន្ទាទោសពី៥ឆ្នាំ ទៅ១០ឆ្នាំ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ៕ ដោយ៖ឡុង សំបូរ