ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញប្រកាសតែងតាំងអភិបាលរងថ្មី នៃខេត្តកែប

0

ខេត្តកែប: លោក ញ៉ន សិទ្ធ បានប្រកាសតែងតាំងជាអភិបាលរងខេត្តកែប ជំនួសលោក ងិន ងិនដា ត្រូវបានផ្លាស់ទៅកាន់តំណែងជាអភិបាលរងខេត្តតាកែវ។

ពិធីប្រកាសតែងតាំងនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកែប នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយប្រតិភូអមដំណើរ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងសាលាដំបូងខេត្ត អភិបាលរងខេត្តសមាជិកក្រុមប្រិក្សាខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ  អភិបាលខេត្តកែប បានឡើងមានមតិស្វាគមន៍ និងបានអបអរសាទការប្រកាសចូលកាន់មុខតំណែងអភិបាលរងនាថ្ងៃនេះ ហើយលោកសង្ឃឹមថា មន្រ្តីដែលប្រកាសចូលកាន់តំណែងត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងដើម្បីចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកែបឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកែប អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តកែបទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ នាពេលកន្លងមក។

ឯកឧត្តមក៏បានបានផ្ដាំផ្ញើលោកអភិបាលរងថ្មី ដែលទើបទទួលការតែងតាំងមុខតំណែង ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តកែប ឲ្យមានការរីកចម្រើនបន្ថែមទៀត៕ សេង ណារិទ្ធ