ខេត្តព្រះវិហារ៖ មេបញ្ជការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអញ្ជើញដឹកនាំក្រុមការងារសមាគមគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរនៅថ្នាក់មូលដ្ឋាន បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ទៅប្រគល់ជូនដល់ដៃ គ្រួសារសពអតីតយុទ្ធជន ៣គ្រួសារ នៅក្នុងស្រុករវៀង និងស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ។
គ្រួសារសពអតីតយុទ្ធជនទាំង ៣គ្រួសារ ដែលទទួលបានថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ពីសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នាពេលនេះ គឺ ១-ឈ្មោះ ស៊ីន ឈុន ភេទប្រុស អាយុ ៧៥ឆ្នាំ មុខសញ្ញានិវត្តជន រស់នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ទទួលបានថវិកា ៤លានរៀល ,២-ឈ្មោះ ព្រុំ អ៊ិន ភេទប្រុស អាយុ ៨៤ឆ្នាំ មុខសញ្ញាគ្រួសារពលី រស់នៅភូមិរវៀងត្បូង ឃុំរុងរឿង ស្រុករវៀង ទទួលបានថវិកា ៤លានរៀល និង ៣-ឈ្មោះ យ៉ុន ប៉ុន ភេទប្រុស អាយុ ៦០ឆ្នាំ មុខសញ្ញានិវត្តជន រស់នៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ទទួលបានថវិកា ៤លានរៀល ផងដែរ។
មេបញ្ជការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានសម្តែងសមានចិត្តក្តុកក្តួល ឈួលអារម្មណ៍ និងចូលរួមរំលែក នូវមរណៈទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារនៃសព សោកស្តាយជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបានឡើយ ចំពោះការបាត់បង់មេគ្រួសារនៅពេលនេះ ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែង រំលឹកពីគំរូវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អស់កម្លាំងកាយ ចិត្ត ឈរលើស្មារតីតស៊ូយ៉ាងមុះមុត ក្នុងការខិតខំបំពេញភារកិច្ច ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ បានយ៉ាងល្អ និងកសាងបានស្នាដៃជាច្រើន ជូនជាតិ មាតុភូមិកម្ពុជា នៃយើង៕ ដោយ៖ឡុង សំបូរ