ដោយ:ឡុង សំបូរ
ខេត្តស្ទឹងត្រែង : កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ប្រដេញស្ទាក់ចាប់រថយន្តសាំងយ៉ុងមួយគ្រឿង សង្ស័យដឹកជញ្ជូនទំនិញឆ្លងដែនខុសច្បាប់។
ក្រោយស្ទាក់ចាប់រថយន្តសាំងយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ 2Q-5043 នោះមក សមត្ថកិច្ចបានឆែកឆេររថយន្ត ដោយបានរកឃើញ ជនជាតិចិនចំនួន១៧នាក់ ក្នុងនោះស្រី០១នាក់ ដោយរថយន្តនោះ ត្រូវគេរាយការណ៍ថា បានដឹកជញ្ជូនជនជាតិចិន ១៧នាក់នោះ ចេញពីចំណុចដុងក្រឡ ព្រំដែនកម្ពុជា-ឡាវ ហើយជនជាតិចិនទាំងអស់នោះ ត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
រហូតមកទល់ពេលនេះ ជនជាតិចិនទាំង ១៧នាក់ កំពុងស្ថិតក្រោមការសាកសួរ ពីកម្លាំងការិយាល័យជំនាញអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង៕