កំពង់ចាម: ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី អនុប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រុមការងារគ្រប់លំដាប់ថ្នាក់បានចុះបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយ ប្រជាពលរដ្ឋ បានចំនួន ១១៥លើក ដែលមានអ្នកចូលរួមចំនួន ២៤.៩៩៥នាក់ និងនាំយកអំណោយផ្សេងៗ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ គ្រោះអគ្គិភ័យ និងប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹងជាដើម។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ជាផែនការបន្ទាប់ ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវពិភាក្សារៀបចំវេទិការសាធារណៈ នៅតាមមូលដ្ឋាននីមួយៗ ដោយផ្តោតយកទីតាំងដែលមានបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យមានប្រសិទ្ធភាព និងការទទួលបានជំនឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាលកម្ពុជារបស់យើង។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ដើម្បីបន្តអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅ នឹងតម្រូវការជាក់លាក់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យកាន់តែមានលក្ខណៈទូលំទូលាយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមនឹងបន្តរៀបចំវេទិកាសាធារណៈជួបសំណេះសំណាល បន្ថែមទៀត ដើម្បីបន្តដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ការកែលំអរបាតុភាពអសកម្ម និងការ ខុសឆ្គងរបស់មន្ត្រីរាជការក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ និងត្រួតពិនិត្យនូវបញ្ហាដែល ដោះស្រាយរួច ជៀសវាងការកើតមានបញ្ហាដដែលៗនៅពេលក្រោយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម សូមគោរពថ្លែងអំណរគុណសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានដឹកនាំយ៉ាងមុតស្រួច ដើម្បីឲ្យដំណើរការរបស់រាជរដ្ឋាភិបាលជិត ១ឆ្នាំនេះ ដំណើរការបានដោយជោគជ័យ ។
គួរបញ្ជាក់ថា ក្នុងពិធីនេះក៏មានការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមផងដែរ ដែលមានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន៕