ដោយ វេហាស៍
(កំពង់ធំ)÷ កម្លាំងនគរបាលខេត្តកំពង់ធំ បញ្ជូនជនសង្ស័យជាក្មេងទំនើងប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទៅសាលាដំបូងខេត្ត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។
លោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងខេត្តកំពង់ធំ ផែនការងារនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៩:០០ នាទីយប់ មានករណី(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស)កើតឡើងចំនួន០១លើក ស្ថិតនៅចំណុចសាលាឃុំសំបូរ ក្នុងភូមិជាយសំពៅ ឃុំសំបូរ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ បង្ករឡើងដោយក្មេងទំនើង១ក្រុមមានគ្នាចំនួន០៩នាក់ ធ្វើសកម្មភាពស្ទាក់ផ្លូវ កាប់ វាយ ទៅលើជនរងគ្រោះ ខណៈជិះម៉ូតូឌុបគ្នាទៅលេងបងប្អូន នៅស្រុកប្រាសាទបល្ល័ង្ក ពេលមកដល់កន្លែងកើតហេតុខាងលើ ត្រូវបានក្រុមជនសង្ស័យស្ទាក់ដេញកាប់បណ្ដាលឱ្យដួលម៉ូតូ នាំគ្នារត់ គេចខ្លួនអស់ ទើបក្រុមជនសង្ស័យ កាប់ ទៅលើម៉ូតូបណ្ដាលឱ្យខូចខាតម៉ូតូមួយគ្រឿង និងរបួសស្រាលម្នាក់។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុកប្រាសាទសំបូរ បានប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួន ជនសង្ស័យចំនួន០៩នាក់÷ ១-ឈ្មោះ សេង ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ។ ២-ឈ្មោះ ខឿន ខួច ភេទប្រុស អាយុ២០ឆ្នាំ។ ៣-ឈ្មោះ ឡី លាស់ ភេទប្រុស អាយុ២៣ ឆ្នាំ។ ៤-ឈ្មោះ ឃី សុខឃុន ភេទប្រុស អាយុ ២២ឆ្នាំ។៥-ឈ្មោះ ជឿង ជ័យ ភេទប្រុស អាយុ២១ឆ្នាំ។ ៦-ឈ្មោះ ហូវ ហ៊ា ភេទប្រុស អាយុ២២ឆ្នាំ។ ៧-ឈ្មោះ ង៉ា ឃី ភេទប្រុស អាយុ២០ឆ្នាំ។ ៨-ឈ្មោះ រ៉ែម សំរ៉េច ភេទប្រុស អាយុ២១ ឆ្នាំ។ ៩-ឈ្មោះ ឡុច ផល្លា ភេទប្រុស អាយុ២០ឆ្នាំ ជនសង្ស័យខាងលើនេះ រស់នៅក្នុងភូមិ-ឃុំកន្លែងកើតហេតុ។
រីឯជនរងគ្រោះមានឈ្មោះ ១-ឈ្មោះ ផាន សាន ភេទប្រុស អាយុ២០ឆ្នាំ (របួសស្រាល)។ ២-ឈ្មោះ ហ៊ន ថេន ភេទប្រុស អាយុ២១ឆ្នាំ។ ៣-ឈ្នោះ ឃី សុភ័ក្ត្រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជីនាង ឃុំតាំងក្រសៅ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ។
កម្លាំងនគរបាល ដកហូតវត្ថុតាងមាន÷ ដាវចំនួន០១ ដំបងឈើចំនួន០២ដើម ម៉ូតូ០៣គ្រឿង ជាមធ្យោបាយប្រព្រឹត្តបទល្មើស(ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០២គ្រឿង ផ្លាកលេខ កំពង់ធំ 1I-5257 ផ្លាកលេខកំពង់ធំ 1Q-4704 និងម៉ាវ៉េវ ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម 1F-4287) កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕