កំពង់ចាម: ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៤ និងពិធីប្រកាសប្រធាន អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម និងឃុំទាំង១៥ ក្រោមវត្តមានឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំង ពីស្មារតីបំពេញភារកិច្ចប្រកបដោយការទទួល ខុសត្រូវ និងការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់រូបក្នុងការចូលរួមអនុវត្តនូវកម្មវិធី នយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល និតិកាលទី៧ សម្រេចបានលទ្ធផលដូចជា៖ ការកែសម្រួលក្រុមការងារគណបក្ស និង ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបណ្តាផែនការសកម្មភាពជាក់ស្តែងឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ២ (កំពង់ចាម-ត្បូងឃ្មុំ) និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងការដោះស្រាយបញ្ហាផ្សេងៗនៅមូលដ្ឋាន ទទួលបានលទ្ធផលប្រកបដោយភាពវិជ្ជមាន គួរជាទីមោទនភាព។
ឯកឧត្ដម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ជំនឿរបស់ប្រជាជនលើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល កាន់តែមានការកើនឡើង កម្លាំងរបស់គណបក្សប្រឆាំងកាន់តែចុះខ្សោយ និងមាននិន្នាការសូមចូលរួមជីវភាពនយោបាយជាមួយ គណបក្សយើងជាបន្តបន្ទាប់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម បានផ្តល់អនុសាសន៍គន្លឹះៗសំខាន់ៗជូនដល់អង្គពិធីដែលជាសមាជិកសមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តអំពីទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៤ក្នុងគោលបំណងដើម្បីបន្តពូនជ្រំ ពង្រឹង និងពង្រីកសមាជិកគណបក្ស និងកិត្យានុភាពគណបក្ស ដើម្បីក្លាយជានាវាដ៏ មានប្រសិទ្ធភាព ក្នុងការនាំកម្ពុជាទៅរកភាពរុងរឿងជានិច្ចនិរន្ត ។
ជំរុញការងារសតិអារម្មណ៍ ការងារចលនាមហាជន និងការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យ បានទូលំទូលាយ និងចូលជ្រៅក្នុងជួរសមាជិកគណបក្ស ព្រមទាំងក្នុងជួរមហាជន និងក្នុងមជ្ឈដ្ឋាន សង្គមនានា តាមរូបភាព និងខ្លឹមសារ ដែលស្របទៅនឹងសំណូមពរជាក់ស្តែង នៃមុខសញ្ញានិមួយៗ សំដៅលើកម្ពស់មនសិការស្នេហាជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលរបស់ជាតិ ប្រមូលផ្តុំកម្លាំងអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ ។
គួរបញ្ជាក់ថា ក្នុងពិធីនេះ ក៏មានការប្រកាសសមាសភាព ប្រធាន អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានលោក ហេង សួរ ជាប្រធានផងដែរ ៕