អភិបាលខេត្តស្ទឹងត្រែង ប្រកាន់ជំហរម៉ឹងម៉ាត់នឹងមិនលើកលែង ចំពោះអ្នកបំផ្លាញព្រៃឈើ បំផ្លាញជីវៈចម្រុះក្នុងទឹក និងអ្នកដែលប្រព្រឹត្តបទល្មើសបំពានច្បាប់រដ្ឋ

0

ខេត្តស្ទឹងត្រែង៖ ការប្រកាសប្រកាន់ជំហរម៉ឹងម៉ាត់មិនលើកលែងទោស ចំពោះអ្នកកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ បំផ្លាញជីវៈចម្រុះក្នុងទឹក និងអ្នកដែលល្មើសបំពានច្បាប់រដ្ឋផ្សេងៗទៀតរបស់ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែង ក្នុងគ្រាដែលលោកបានអញ្ជើញចុះជួបសួរសុខទុក្ខ ជាមួយឆ្មាំទន្លេអភិរក្សសត្វផ្សោត និងក្រុមអភិរក្សត្រីមេពូជ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំស្រែក្រសាំង​ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែងទៀតថា បេសកកម្មរបស់ឆ្មាំទន្លេ ដើម្បីថែរក្សា ការពារ អភិរក្សត្រីមេពូជ និងសត្វផ្សោតទាំងអស់ គឺជាបេសកកម្មជាតិ ដែលប្រសូត្រចេញពីការខិតខំប្រឹងប្រែង ដើម្បីមនសិការស្នេហាជាតិ បើសិនជាយើងការពារ ទីតាំងទាំងនេះមិនបានទេ កូនចៅជំនាន់ក្រោយនឹងមិនបានស្គាល់នៅពូជត្រី ដ៏សំបូរបែបនេះទៀតឡើយ។

លោកអភិបាលខេត្តស្ទឹងត្រែង បានក្រើនរំលឹកដល់ឆ្មាំទន្លេ និងក្រុមអភិរក្សត្រីមេពូជទាំងអស់ រួមជាមួយសហគមន៍ ត្រូវខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ហើយនៅទីនេះថ្វីបើមន្ត្រីជលផល ក៏ដូចជាថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្មមានចំនួនតិច ក៏ប៉ុន្តែ ពួកយើងនៅតែធ្វើការប្រទាក់ក្រឡាគ្នា តាមរយៈការផ្តល់ព័ត៌មាន និងវិធានការចាំបាច់ អាចចាត់កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាការពារទាំងឆ្មាំទន្លេ ក្រុមអភិរក្សត្រីមេពូជ និងជីវៈចម្រុះក្នុងទឹក ផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រសិនបើចាប់បានអ្នកនេសាទល្មើសច្បាប់ មិនថាកូនយើង ឬ កូនគេ បងប្អូនយើង ឬ បងប្អូនគេនោះទេ ទាំងនេះគឺជាប្រភេទល្មើសច្បាប់ហើយ ពួកយើបានហាមប្រាម និងណែនាំហើយ តែបើបងប្អូនមិនជួយអប់រំកូន និងគ្រួសារ នោះមិនអាចធ្វើឱ្យជីវភាពបានសុខស្រួលនោះទេ តែអស់លោកបានបំផ្លាញជីវភាពប្រជាពលរដ្ឋផ្សេងទៀត តាមរយៈការប្រកបរបរនេសាទដោយស្របច្បាប់ ត្រឹមត្រូវ អញ្ចឹងត្រូវតែជួយគ្នាទៅវិញទៅមក ការអភិរក្សធនធានជលផល ជីវៈចម្រុះនេះ មិនមែនយកទៅធ្វើមានបានឱ្យអ្នកណានោះទេ គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន នៅពេលដែលត្រីនោះ មានផល ឬកើនទិន្នផលកាន់តែច្រើន ជីវភាពបងប្អូនក៏ធូរធារតាមនោះដែរ ។ ដូច្នេះ ក្រុមឆ្មាំទន្លេ ក្រុមអភិរក្សសត្វផ្សោត សហគមន៍ កម្លាំងកងរាជអាវុធហត្ថ កម្លាំងស្នងការដ្ឋាន អធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមូលដ្ឋានអាវុធហត្ថក្រុង/ស្រុក ត្រូវរួមដៃគ្នាធ្វើយ៉ាងណា ការពារធនធានធម្មជាតិ ជីវៈចម្រុះក្នុងទឹក និងព្រៃឈើឱ្យបានគង់វង្ស។

លោកអភិបាលខេត្តស្ទឹងត្រែង បានស្នើដល់ប្រធានមន្ទីរកសិកម្ម និងមន្ទីរទេសចរខេត្ត អភិបាលក្រុង ស្រុក មេឃុំ និងសហគមន៍ ឱ្យអង្គុយជជែកគ្នា ដោយកំណត់យកទីតាំងណាមួយ បង្កើតទៅជារមណីដ្ឋានទស្សនាសត្វផ្សោត ហើយរមណីដ្ឋាននោះ នឹងទទួលបានប្រាក់ចំណូលនិរន្តរភាព នៃការចិញ្ចឹមជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋបានសំបើមណាស់ ដោយមានទូកទេសចរ តម្លៃសេវាកម្ម មានតូបលក់ដូរវត្ថុអនុស្សាវរីយ៍ផ្សេងៗ ជាពិសេសបងប្អូនសហគមន៍ប្រុសៗ នាំគ្នាការពារ ធ្វើជាអ្នកអភិរក្ស ធ្វើជាឆ្មាំ នៅពេលដែលយើងមានតំបន់រមណីដ្ឋាននោះ យើងអាចបង្កើតមុខរបរលក់ដូរបាន អញ្ចឹងយើងមិនបាច់ទៅប្រព្រឹត្តអំពើល្មើសទៀតនោះទេ ហើយនៅទីនេះ លោកក៏ត្រៀមស្នើសុំឱ្យមានការបង្កើតរោងចក្រមួយចំនួនក្នុងខេត្ត ដើម្បីឱ្យបងប្អូនយើងមានការងារធ្វើ មានប្រាក់ចំណូលគ្រួសារគ្រប់គ្រាន់ ដែលជាការកាត់បន្ថយបាននូវការប្រព្រឹត្តបទល្មើស ជាមួយនឹងការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងជីវៈចម្រុះក្នុងទឹក ផងដែរ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានថ្លែងថា ការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់សព្វថ្ងៃនេះ គឺមានតែក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតនិងក្រុមល្បាតការពារត្រីមេពូជ ដែលបានពុះពារគ្រប់ឧបសគ្គ ដើម្បីរារាំងការនេសាទដោយខុសច្បាប់ ការនេសាទនៅតំបន់ហាមឃាត់ ដូចជាអន្លង់ផ្សោតជាដើម។

លោក ទុំ នីរ៉ូ បានបញ្ជាក់ថា សត្វផ្សោតនៅប្រទេសកម្ពុជា ដែលបានរកឃើញ មានចំនួន ៨៩ក្បាល ហើយខេត្តស្ទឹងត្រែង មានចាប់ពី៣១ ទៅ៣៦ក្បាល ប៉ុន្តែ បច្ចុប្បន្ននៅសល់ត្រឹមតែ២៥ ទៅ៣០ក្បាលប៉ុណ្ណោះ ដោយសារចាប់ពីឆ្នាំ២០២០ រហូតដល់ខែកុម្ភះ ឆ្នាំ២០២២ សត្វផ្សោត ៣ក្បាល ដែលរស់នៅអន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ព្រំប្រទល់ប្រទេសឡាវ គឺបានស្លាប់ផុតពូជទៅហើយ និងការស្លាប់សត្វផ្សោតមួយចំនួនទៀត នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ លោកថា សម្រាប់ឆ្នាំ២០២៣ តាមការកត់ត្រារបស់ក្រុមស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF សត្វផ្សោតក្នុងខេត្តស្ទឹងត្រែង ឃើញកូនកើតថ្មី ២ក្បាល និងសត្វផ្សោតស្លាប ២ក្បាល។

លោក ទុំ នីរ៉ូ បានបញ្ជាក់ទៀតថា រយៈពេល ៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា នៃរដូវបិទនេសាទឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយសហគមន៍នេសាទ ឆ្មាំទន្លេអភិរក្សសត្វផ្សោត និងស្ថាប័នពាក់ព័ន្ធ សម្រេចបានការងារ ដោយបានកសាងសំណុំរឿង ៣ករណី បញ្ជូនជនសង្ស័យ ៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនេសាទដោយឧបករណ៍ឆក់ ,ដកហូតមងវែងៗ មងក្រឡាធំ និងមងដែលដាក់នៅតំបន់ហាមឃាត់ មានប្រវែង ២ម៉ឺន ១ពាន់ ៧៥៥ម៉ែត្រ ,ដកហូតសន្ទូចរនង ៧ពាន់ ៣៩០ផ្លែ ,ទូកម៉ាស៊ីន ២គ្រឿង ,ថ្នងដងត្រី ២គ្រឿង ,ធុងប្រស់ត្រី ១គ្រឿង ,ក្បាលឆក់ ៣គ្រឿង ,អាគុយ ២គ្រឿង ,ខ្សែកាប ១៤សសរសៃ ប្រវែង ១៥ម៉ែត្រ,ទូរស័ព្ទ ១គ្រឿង និងថ្នាំញៀន ១កញ្ចប់តូច ,អប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ២៤០នាក់ នៅតាមដងទន្លេ ,កិច្ចសន្យាដល់ប្រជានេសាទ និងអ្នកប្រមូលទិញត្រី ៤៥នាក់ ,បំផ្លាញរបាំងព្រួលបិទអូរ ៤កន្លែង ,បំផ្លាញបង្គោល ២២៥បង្គោល ,របាំងព្រួលប្រវែង ៧៥ម៉ែត្រ ,ដកហូត និងបំផ្លាញចោលរបាំងស្បៃមុង ប្រវែង ៩៤៥ម៉ែត្រ ,របាំងសាច់អួន ប្រវែង ៧០ម៉ែត្រ និងលូស្បៃមុង ៨មាត់ និងបានលែងធនធានជលផលកំពuងរងគ្រោះថ្នាក់ និងត្រីពូជសំខាន់ៗ ចូលក្នុងដែនធម្មជាតិវិញ ប្រមាណ ៣៥គីឡូក្រាម មានដូចជា ត្រីត្រសក់ ត្រីក្របី ត្រីក្បក ត្រីក្អែក ត្រីព្រួល ត្រីឆ្ពិន ត្រីដំរី ត្រីប្រា ត្រីពោ និងអណ្តើកអាស៊ីជាដើម។

ស្របពេលជាមួយគ្នានោះ លោកអភិបាលខេត្តស្ទឹងត្រែង ក៏បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ (មី ភេសជ្ជៈ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង អំបិល ខ្ទឹម ប៊ីចេង អង្ករ ទឹកបរិសុទ្ធ) ប្រេងសាំង តង់កៅស៊ូ អាវការពារ និងថវិកា ២លានរៀល ជូនដល់ក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោត ក្រុមអភិរក្សត្រីមេពូជ និងសហគមន៍នេសាទ ដែលកំពុងប្រចាំការ យាមល្បាត ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតាមដងទន្លេមេគង្គ នៅភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែងយើងនេះ៕ ដោយ៖ឡុង សំបូរ