អបអរសាទរ​ខួប​លើក​ទី​១៦ នៃ ទិវា​វប្បធម៌​ជាតិ​០៣ មីនា ឆ្នាំ​២០១៤

0

​សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ​២០១៤ នៅ​ខេត្តសៀមរាប មាន​ប្រារព្ធ​ធ្វើ​ពី​ធី​អបអរសាទរ​ខួប​លើក​ទី​១៦ នៃ ទិវា​វប្បធម៌​ជាតិ​០៣ មីនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ឯ​.​ឧ ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​ស​ល្បះ និង ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដែល​ធ្វើឡើង​នៅ​សាល​មហោស្រព ស្នាមញញឹម​អង្គរ (​អតីត​អង្គរ​ឃ្យូ​ង​យូរ ) ខេត្តសៀមរាប ក្រោម​ប្រ​ធា​ម​បទ​(​អ្វីៗ​ទាំងអស់​ដើម្បី​សុដុម​ភាព​វប្បធម៌​ជាតិ​) ដោយ​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី ព្រះសង្ឃ ថ្នាក់ដឹកនាំ​មន្ទីរ គរុ​សិស្ស និស្សិត សិស្សសាលា​សិ​ល្បះ និង ក្រុម​របាំ ប្រមាណ​ជាង ៣៥០ នាក់​ដែល​បាន​ចូលរួម ។

​តាម​សេចក្តីរាយការណ៍​របស់​លោកស្រី ស៊ុន សុវណ្ណនី ប្រធាន​មន្ទី វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តសៀមរាប បាន​គូសបញ្ជាក់ថា ខេត្តសៀមរាប ជា​ខេត្ត​សម្បូរ​ទៅដោយ​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​ដ៏​សម្បូរបែប វប្បធម៌​រូបី និង អរូបី ហើយ​មន្ទីរ​បាន​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន ក្នុង​គោលដៅ​សម្រេច​នូវ​ផែនការ គោលនយោបាយ​វប្បធម៌​សំដៅ​ទៅលើ ការអភិរក្ស និង អភិវឌ្ឍន៍​វិស័យ​វប្បធម៌​ទាំង​រូបី និង អរូបី ។ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី មាន​ប្រាង្គ​ប្រាសាទ , ទួល​បុរាណ និង ផ្ទះ ព្រះវិហារ​បុរាណ ស្ពាន​បុរាណ រមណីយដ្ឋាន និង អគារ សំណង់​បុរាណ​ផងដែរ ។

ចំពោះ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​វិញ ស្ថិតក្រោម​ការ ថែរក្សា​នូវ​ប្រពៃណី , ទំនៀមទម្លាប់​, របាំ​, ល្ខោន​, យីកេ​, ភាសា​, អក្សរ​សិ​ល្បិ៍ ភ្លេង​ប្រពៃណី​បុរាណ ដោយមាន​ការផ្ទេរ​ចំណេះដឹង ពី​អ្នកមាន​ជំនាញ សម្រាប់​អ្នក​ស្នង​បន្ត (​មរតក​មនុ​ស្សរស់​) ក្រោម ប្រធានបទ (​អ្វីៗ​ទាំងអស់​ដើម្បី​សុដុម​ភាព​វប្បធម៌​ជាតិ ) ដែល​ទាំងអស់នេះ ឲ្យ​មាន​សុដុម​ភាព វប្បធម៌​ជាតិ និង​អរិយធម៌ របស់​ជាតិ និង មាន​អត្ថិភាព​នៅក្នុង​ពិភពលោក​យើង​នេះ​។​

​មានប្រសាសន៍​នាឱកាស​នោះដែរ​ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏បាន​លើកឡើងថា ការប្រារឰ​ទិវា វប្បធម៌​ជាតិ​នេះ​ឡើង ក្នុង​គោលបំណង​បំផុស​មនសិការ ស្នេហា​ជាតិ​,​ស្មារតី​ស្រឡាញ់​,​សម្បត្ដិ វប្បធម៌​ដ៏​សម្បូរបែប​របស់​ជាតិ ដល់​ប្រជា​ជាតិខ្មែរ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​នៅក្នុង និង ក្រៅប្រទេស ។ ម្យ៉ាងទៀត​ក៏​ដើម្បី​ធ្វើការ​ទប់ស្កាត់​នូវ​ការហូរចូល និង ការចម្លង​នូវ​វប្បធម៌ បរទេស មកលើ​សង្គម​ខ្មែរ​យើង ដែល​ធ្វើ​ឲ្យ​បាត់បង់​នូវ​ប្រពៃណី ទំនៀម​ទំលាប់ និង វប្បធម៌​ជាតិ​យើង ។

ឯកឧត្តម អភិបាលខេត្ត​ក៏បាន​គូសបញ្ជាក់ថា ខេត្តសៀមរាប​ជា​ខេត្ត​ប្រវត្តិសាស្ត្រ ដែល​ប្រមូលផ្តុំ​ទៅដោយ​ភ្ញៀវ​ទេសចរណ៍ គ្រប់ ជាតិ​សាសន៍ ចូលមក​ទស្សនា​កម្សាន្ត នៅ​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​នៃ​យើង​ផងដែរ ។ ក្នុង​យុវវ័យ​ខ្មែរ​យើង​ទាំង​ពីរភេទ ក៏បាន កំពុង​ឈ្លក់​វង្វេង​ទៅនឹង​វប្បធម៌​បរទេស ដែល​បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វប្បធម៌ និង ប្រពៃណីជាតិ ។

ឯ​.​ឧ ឃឹម ប៊ុន​សុង បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​វិស័យ​វប្បធម៌​នៅ​ខេត្តសៀមរាប មានការ​អភិវឌ្ឍន៍​រីកចម្រើន​នៅ​គ្រប់​មូល ដ្ឋា​ន ព្រមទាំង​មាន​សមាគមន៍​ក្រុម​សិ​ល្បះ​ទៀតផង ក៏ប៉ុន្តែ​ចំពោះ​គុណភាព​មានការ​ធ្លាក់ចុះ ទាំង​សិ​ល្បះ​រូបី និង អរូបី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វប្បធម៌​ជាតិ ។​ ​

មានប្រសាសន៍​នោះដែរ​ឯ​.​ឧ ថៃ នរៈ​សត្យា ក៏បាន​រំលឹក​ឡើង​ផងដែរ ពី​ស្មារតី​នៃ​ទិវា​វប្បធម៌​ជាតិ​នេះ នឹងមាន​អត្ថិភាព​គ្របដណ្ដប់​ទៅលើ​ចិ​ត្ដ គំនិត ឥរិយាបថ និង​សកម្មភាព​អនុវត្ដ​របស់ ប្រជាជន​យើង​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុងការ ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​វិស័យ វប្បធម៌​ជាតិ​នៅក្នុង​គ្រប់ពេលវេលា ទាំង​ក្នុង​បច្ចុប្បន្ន និង តទៅ​អនាគត​” ។

ខេត្តសៀមរាប គឺជា​ទឹកដី​ដែល​សម្បូរ​ទៅដោយ​សម្បត្ដិ បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី និង អរូបី ដោយ បច្ចុប្បន្ន គឺ​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំង នេះហើយ​ដែល​បានរួម​ចំណែក​ធ្វើឱ្យ កេរ្ដិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ កម្ពុជា​ល្បី​រន្ទឺ​សុសសាយ​នៅ​ទូទាំង ពិភពលោក ស័ក្ដិសម​នឹង “​កម្ពុជា ៖ ព្រះរាជាណាចក្រ​នៃ​វប្បធម៌ ”​។

ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បាន​គូសបញ្ជាក់ថា សម្បត្ដិ​វប្បធម៌​របស់​យើង​មួយចំនួន​ត្រូវបាន​ពិភពលោក​ទទួលស្គាល់ និង បានដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក មាន​ជាអាទិ៍​ប្រាសាទ​តំបន់​អង្គរ​,​ប្រាសាទព្រះវិហារ ចំណែក ការ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ មនុស្សជាតិ​រួមមាន​របាំ​ក្បាច់បុរាណ​ខ្មែរ ឬ របាំ​ព្រះរាជ​ទ្រព្យ និង ល្ខោន​ស្រមោល​ស្បែក​ធំ ។ សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌ ទាំងអស់នេះ បាននិងកំពុង​ក្លាយទៅជា ចលករ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ។

ឯ​.​ឧ ថៃ នរៈ​សត្យា ក៏បាន​លើក​នូវ​អនុសាសន៍​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទាំង​៦​ចំណុច ដែល​បានលើកឡើង ក្នុង​ឱ​កាល​ប្រារព្វ​ទិវា​វប្បធម៌​ជាតិ ៣ មីនា ខួប​លើក​ទី​១៦ ដោយ​យកចិត្តទុកដាក់​លើ​កម្លាំង​សកម្ម​របស់​សង្គម ដែលមាន​យុវជន​ជា​អ្នក​បន្តវេន និង ធ្វើ​ព្រឹ​ត្ដិ​ការណ៍​នានា ក្នុង ការ​ដាស់​រំលឹក ស្មារតី​ស្នេហា​ជាតិ​, ស្នេហា​វប្បធម៌​ជាតិ ឱ្យ​កាន់តែ​មោះមុត​ក្នុង​អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ បើ​ពុំ​ដូច្នេះ​ទេ​កុមារ និង យុវជន​នឹង​ទទួលយក​នូវ​អីៗ​ដែល​ថ្មី ហូរ​ចូល​ពី​ក្រៅ​មកហើយ ។

ទោះបី​ធ្វើ​សិល្បៈ​ក្ដី ក៏​ចាំបាច់​ត្រូវមាន​ចំណេះដឹង ទូលំទូលាយ និង​ទាន់សម័យ​ដែរ ទើប​អាច​បម្រើ​ដល់​ប្រយោជន៍​សង្គម និង​ប្រទេសជាតិ​បាន ។ ព្រមទាំង បំផុស ស្មារតី​ប្រជាជន មហាជន និង​យុវជន​ឱ្យ​បង្កើន​ការដឹងគុណ​ចំពោះ បុព្វការី​ជន ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សម្បត្ដិ​វប្បធម៌​ដ៏​សម្បូណ៌​បែប​ប្រកបដោយ សក្ដានុពល​ក្នុង​ការរួម ចំណែក​អភិវឌ្ឍ​សង្គម និង​បម្រើឱ្យ​ភាព សុខសាន្ដ​របស់​ប្រជាជន និង​ប្រជាជាតិ នៃ​យើង​កាន់​តែមាន​តម្លាភាព​ផងដែរ​៕ ​

ដោយ លោក ខេង ខេមរា​ ​2 3 4 6